(សៀមរាប)៖ តាមរយៈការផ្សព្វផ្សាយការយល់ដឹងពីគុណតម្លៃរបស់សត្វព្រៃ និងការប្រឈមមុខនឹងផ្លូវច្បាប់ចំពោះការយកសាច់សត្វព្រៃមកចម្អិនធ្វើម្ហូបលក់ដល់ភ្ញៀវពិសារ គឺមានម្ចាស់ភោជនីយដ្ឋានចំនួន១០ នៅទីរួមខេត្តសៀមរាប បានប្រកាសមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃដល់ភ្ញៀវពិសារជាដាច់ខាត បើទោះបីជាភ្ញៀវកម្មង់ និងឱ្យតម្លៃថ្លៃក៏ដោយ។

ជាមួយគ្នានឹងការបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តសៀមរាបនេះ ក្រៅពីម្ចាស់ភោជនីយដ្ឋានទាំងខាងលើ មានប្រជាពលរដ្ឋ និងសាធារជនគ្រប់ស្រទាប់វណ្ណៈ បានសន្យានឹងពាំនាំការយល់ដឹងរបស់ខ្លួនពីអត្ថប្រយោជន៍ នៃធនធានធម្មជាតិ និងសត្វជីវិតសត្វព្រៃ ជូនដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់ខ្លួនផងដែរ។

បើគិតមកដល់ពេលនេះ មានភោជនីយដ្ឋានជាង៩៦កន្លែង នៅក្នុងខេត្តចំនួន១០ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ កំពង់ស្ពឺ ខេត្តកោះកុង និងខេត្តសៀមរាប បានប្ដេជ្ញាមិនលក់ម្ហូបដែលធ្វើពីសាច់សត្វព្រៃឡើយ ដើម្បីចូលរួមក្នុងការកាត់បន្ថយការបរបាញ់ និងសម្លាប់សាច់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ និងអភិរក្សសត្វព្រៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅខេត្តសៀមរាប នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងមន្ទីរបរិស្ថានខេត្តសៀមរាប លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានឱ្យដឹងថា៖ «តាមរយៈការធ្វើយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២នេះ យ៉ាងហោចណាស់ មានភោជនីយដ្ឋាន ចំនួន១០ នៅខេត្តសៀមរាប បានប្តេជ្ញាមិនលក់សាច់សត្វព្រៃ»

មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ការចូលរួមពីសំណាក់ ម្ចាស់ភោជនីយដ្ឋាននេះដែរ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការសម្លាប់សត្វព្រៃ និងក៏ដូចជាចូលរួមកាត់បន្ថយដាក់អន្ទាក់ក្នុងតំបន់ធម្មជាតិ។ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ គឺជាចលករមួយយ៉ាងសំខាន់ក្នុងការអភិរក្សសត្វព្រៃឱ្យបានគង់វង្សយូរអង្វែងរាប់ជំនាន់ក្រោយបន្តទៀត។

លោក នេត្រ​ ភក្ត្រា បានបន្ថែមថា តាមការអង្កេតសិក្សាស្រាវជ្រាវមានប្រភេទសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តសៀមរាប បាននឹងកំពុងថយចុះគួរឱ្យព្រួយបារម្ភ។ ប្រភេទសត្វព្រៃមួយចំនួនដូចជា៖ ទន្សោង សត្វកែះ ទោច ខ្លាឃ្មុំ ប្រើស ពង្រូល សត្វស្លាប កំពុងទទួលរងការគំរាមកំហែង និងបានចាត់ទុកជាប្រភេទសត្វកម្រ និងជិតផុតពូជក្នុងបញ្ជីក្រហម IUCN។

លោក នេត្រ ភក្ត្រា បានសម្តែងនូវមោទកភាព និងអបអរសាទរចំពោះម្ចាស់ភោជនីយដ្ឋានទាំងអស់ដែលបានស្ម័គ្រចិត្តប្រកាស មិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃដោយលោកបានគូសបញ្ជាក់ថា «ជាការចូលរួមប្រកបដោយ គុណតម្លៃ និងប្រសិទ្ធភាពខ្ពស់បំផុតព្រោះភោជនីយដ្ឋានជាកន្លែងចែកចាយនិងបង្កើតការជួញដូរសត្វព្រៃយ៉ាងសំខាន់ ហើយបើមានការលក់ដូរមុខម្ហូបធ្វើពីសាច់សត្វព្រៃវាជាផ្នែកនៃការលើកទឹកចិត្តឱ្យមានការដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ»

ជាមួយគ្នានេះ ប្រធានយុទ្ធនាការអន្ទាក់សូន្យរូបនេះ ក៏បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាននៅក្នុងខេត្តផ្សេងទៀត ដែលមានតំបន់ការពារធម្មជាតិចូលរួមឱ្យបានច្រើនបន្ថែមទៀត ដើម្បីប្រសិទ្ធភាពនៃការការពារ និងអភិរក្សសត្វព្រៃ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ប្រសិនបើគ្មានតម្រូវការក៏គ្មានការផ្គត់ផ្គង់ដែរ។ ដូច្នេះ ដើម្បីទប់ស្កាត់ការបរបាញ់សត្វព្រៃ ការជួញដូរសត្វព្រៃ សូមបងប្អូនដែលនិយមពិសាសាច់សត្វព្រៃបោះបង់ទម្លាប់ហូបសាច់សត្វព្រៃ និងកុំជឿថាសត្វព្រៃជាថ្នាំប៉ូវកម្លាំង ឬជាឱសថ តែផ្ទុយមកវិញវាអាចបង្កហានីភ័យខ្ពស់ចំពោះសុខភាពរបស់បងប្អូន ព្រោះសាច់សត្វព្រៃគ្មានការពិនិត្យត្រឹមត្រូវនិងបង្កប់ដោយមេរោគសាហាវៗដែលអាចសម្លាប់ជីវីតយើង និងបង្កជាមេរោគចម្លងផ្សេងៗទៀត។

បើតាមលោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានថ្លែងយ៉ាងដូច្នេះថា៖ «ការបរិភោគ សាច់សត្វព្រៃ គឺជារឿងមួយមិនល្អសោះឡើយ ពិសេសនៅខេត្តសៀមរាប ដែលជាតំបន់ទសចរណ៍ដ៏សំខាន់មួយ ក្នុងប្រទេសកម្ពុជា។ យើងត្រូវបញ្ចប់ដាក់អន្ទាក់ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃ»

លោកបានបន្តថា «បើយើងមិនបានរឹតបន្តឹងពាក់ព័ន្ធទៅនឹងការដាក់អន្ទាក់នោះទេវាហាក់បីដូចជាមិនមានប្រសិទ្ធភាព ក្នុងការអនុវត្តនោះឡើយ។ យើងត្រូវជំរុញយុទ្ធនាការនេះឱ្យមានប្រសិទ្ធភាព និងរួមគ្នាបំផុសចលនាឱ្យទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ នៅថ្ងៃខាងមុខ»