(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលដោយផ្ទាល់ ជាមួយអតីតសមាជិកគណបក្សភ្លើងទៀត និងគណបក្សផ្សេងៗទៀតចំនួន ៣៥០នាក់ ដែលបានស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា រួមទាំងសមាជិកគណបក្សប្រជាជន នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សរុប ១៥០០នាក់។

លើកឡើងនាឱកាសនោះលោក សេរី កុសល បានបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបានជួយកែរប្រែស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ពីតំបន់សង្គ្រាមក្លាយជាតំបន់ ដែលមានការអភិឌ្ឍ និងបានធ្វើប្រជាពលរដ្ឋបានរស់នៅដោយមិនមានភាពភ័យខ្លាច តាមរយៈការនាំមកនូវកត្តាសុខសន្តិភាព និងបានសាងសង់ផ្លូវខ្វាត់ខ្វែង សម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះលោក សេរី កុសល ក៏ជម្រាបដល់ប្រជាពលរដ្ឋពីមូលហេតុ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានសម្រេចមិនឱ្យគណបក្សភ្លើងទៀន និងគណបក្សមួយទៀត អាចឈរឈ្មោះបោះឆ្នោតបាន និងបានអះអាងថា ការដែលគណបក្សនេះ មិនអាចឈរឈ្មោះបោះឆ្នោតបាន ដោយសារតែភាពបោកប្រាស់របស់មេគណបក្សភ្លើងទៀនដែលធ្លាប់អះអាងថាជាអ្នកបង្កើតគណបក្សនេះ ដែលកំពុងរស់នៅក្រៅប្រទេស បានលាក់លៀមឯកសារច្បាប់ដើម ក្នុងចេតនាមិនចង់ឱ្យបក្សខ្លួន បានចូលរួមបោះឆ្នោត ដោយសារខ្លួនមិនបានចូលក្នុងស្រុកបាន។

លោក សេរី កុសល បានឱ្យដឹងទៀតថា ការលាក់លៀមឯកសារច្បាប់ដើម ក្នុងចេតនាមិនចង់ឱ្យបក្សភ្លើងទៀន បានចូលរួមឈរឈ្មោះបោះឆ្នោតនេះ គឺកើតចេញពីចរិកអញនិយម របស់ សម រង្ស៊ី តាំងពីដើមមក និងមានចេតនាមិនឱ្យអ្នកណា អាចប្រើប្រាស់របស់អ្វីដែលខ្លួនបានបង្កើតនោះឡើយ សូម្បីតែប្រពន្ធរបស់ខ្លួន។

ជាមួយគ្នានោះលោក សេរី កុសល ក៏បានបញ្ជាក់ប្រាប់ដល់សកម្មជន ដែលស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដែរថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងចូលរួមជួយឱ្យប្រទេសជាតិ មានការរីកចំរើន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយ ដែលមានគោលការច្បាស់លាស់ និងអ្នកបន្តវេនត្រឹមត្រូវ ដែលមកដល់ពេលនេះមិនមានគណបក្សណា ដែលប្រៀបស្មើបាននោះឡើយ។

លោក សេរី កុសល ក៏បានអំពាវនាវឲ្យសមាជិកនៃគណបក្សផ្សេងៗទៀត អញ្ជើញមកចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីរួមគ្នាថែរក្សា និងការពាររបបរាជានិយម ការពាររាជបល្ល័ង្ក ដែលជាកត្តាតែមួយគត់នាំឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍ។

សូមបញ្ជាក់ដែរថា នាឱកាសនោះលោក សេរី កុសល ក៏ចូលពិសាអាហារសាមគ្គីជាមួយប្រជាពលរដ្ឋប្រកបដោយភាពស្និទ្ធស្នាល និងបានប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋ រួមមានក្នុងម្នាក់ ទទួលបានសារ៉ុង១ និងថវិកា ១ម៉ឺនរៀល និងបានចូលរួមជួយធ្វើលូបង្ហូរទឹកចំនួន ៦កន្លែង ចូលរួមកសាងព្រះវិហារ និង​វត្តផ្សេងៗ អស់ថវិកាជិត ៥ពាន់ដុល្លារផងដែរ៕