(ព្រះសីហនុ)៖ នគរបាលខេត្តព្រះសីហនុ បានសហការជាមួយព្រះគ្រូចៅអធិការវត្តអូរត្រេះ និងមន្ត្រីសង្ឃខេត្តព្រះសីហនុ រួមជាមួយមន្ទីរធម្មការ និងសាសនាខេត្ត បានឃាត់ខ្លួនបុគ្គល២នាក់ ដែលក្លែងខ្លួនជាសង្ឃដើរបិណ្ឌបាត្របច្ច័យពីប្រជាពលរដ្ឋ។

បើតាមព្រះតេជគុណ មាស សុផល ព្រះគ្រូចៅអធិការវត្ត បានមានសង្ឃដិកាដល់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ថា ព្រះគ្រូចៅអធិការវត្តអូរត្រេះ ក្រុងព្រះសីហនុ សហការជាមួយមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ នាំយកដោះស្បង់ចីវរចេញ ព្រមទាំងបានធ្វើកិច្ចសន្យាហាមឃាត់មិនឲ្យធ្វើសកម្មភាពបោកប្រាសប្រជាពុទ្ធបរិស័ទទៀតទេ។

ព្រះតេជគុណ មាស សុផល ព្រះគ្រូចៅអធិការវត្ត ក្នុងនាមគណៈគុណសង្ឃខេត្តព្រះសីហនុ មានសង្ឃដិការបន្ថែមទៀតថា ករណីនេះមន្ត្រីសង្ឃខេត្តព្រះសីហនុ រួមជាមួយមន្ទីរធម្មការនិងសាសនាខេត្ត និងអាជ្ញាធរ សមត្ថកិច្ចពាក់ពន្ធ័នឹងបន្តសកម្មភាពត្រួតពិនិត្យទប់ស្កាត់បាតុភាពនេះ និងអំពាវនាវញាតិញោមពុទ្ធបរិស័ទ ប្រសិនបើប្រទះឃើញ សង្ស័យជនក្លែងបន្លំជាសង្ឃ សូមរាយការណ៍មកអាជ្ញាធរ ឬមន្ត្រីសង្ឃដើម្បីរួមគ្នាទប់ស្កាត់សកម្មភាព ដែលប៉ះពាល់ដល់ព្រះពុទ្ធសាសនា។

ព្រះតេជគុណគូសបញ្ជាក់ថា បុគ្គល២រូបនេះ ធ្លាប់បន្លំធ្វើជាសង្ឃដើរបិណ្ឌបាត្របច្ច័យ និងត្រូវបានឃាត់នាំយកមកអប់រំគិតទាំងលើកនេះមានចំនួន ២លើកហើយ ប្រសិនបើបន្តប្រព្រឹត្តលើកក្រោយទៀត មន្ត្រីសង្ឃ និងខាងធម្មការខេត្ត នឹងចាត់ការបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕