(រតនគិរី)៖​ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពប្រកាសផ្ទេមុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយលោក ស៊ឹម លីន ជំនួសលោក សាយ ចំរើន ដែលត្រូវបានតែងតាំងជាអភិបាលរងស្រុកបរកែវ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានស្នាក់ការគយ និងរដ្ឋាករ ប្រធាននគរបាលច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងអាជ្ញាធរស្រុកអូរយ៉ាដាវផងដែរ។

លោក ស៊ឹម លីន ដែលទើបទទួលតំណែងថ្មី បានសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ញ៉ែម សំអឿន ព្រមទាំងថ្នាក់ដឹកនាំគ្រប់រូប ដែលមានទំនុកចិត្តតែងតាំង និងចាត់តាំងភារកិច្ចជូនលោកជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

លោក ស៊ឹម លីន បានប្តេជ្ញាថា

*ទី១៖ គោរពច្បាប់ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
*ទី២៖ បំពេញតួនាទី ភារកិច្ច ដោយអនុលោមតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគិរី ឲ្យមានប្រសិទ្ធភាពខ្ពស់
*ទី៣៖ ខិតខំបំពេញការងារ ដោយត្រូងសហការ និងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជំនាញដែលកំពុងបំពេញការងារនៅច្រកទ្វារអន្តជាតិអូរយ៉ាដាវ ឲ្យបានល្អប្រសើរ
*ទី៤៖ ខិតខំបង្កើនកិច្ចសហការ សម្របសម្រួលជាមួយអាជ្ញាធរវៀតណាម ក្នុងការសម្របសម្រួលជូនដល់ប្រជាពលរដ្ឋប្រទេសទាំង២ និងភ្ញៀវជាតិ-អន្តរជាតិ ដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវឲ្យបានល្អឆាប់ និងឆាប់រហ័សទាន់ពេលវេលា
*ទី៥៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង នៅគ្រប់បណ្តាអង្គភាពដែលមានការពាក់ព័ន្ធឲ្យបានល្អដើម្បីសម្រេចជោគជ័យលើគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន។

ក្នុងអង្គពិធីនេះលោក ញ៉ែម សំអឿន បានណែនាំដល់លោក ស៊ឹម លីន ត្រូវធ្វើយ៉ាងណាឲ្យមានសាមគ្គីភាពផ្ទៃក្នុងល្អ មានកិច្ចសហការល្អជាមួយកម្លាំងទាំងអស់នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

លោកថា «ទោះបីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានទំហំពាណិជ្ជកម្មទំនិញចេញ-ចូល មិនដូចច្រកទ្វារអន្តរជាតិផ្សេងៗ ប៉ុន្តែខេត្តរតនគិរី យើងសំបូរដំណាំកសិកម្ម កសិឧស្សាហកម្ម ហើយមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម អាចដឹកជញ្ជូនឆ្លងកាត់ទៅប្រទេសចិន តាមផែសមុទ្រគួញ៉ើងប្រទេសវៀតណាមមានភាពងាយស្រួលផងដែរ»

បន្ថែមលើនេះទៀតលោក ញ៉ែម សំអឿន បានដាស់តឿនសុំឲ្យមានការយោគយល់ចំពោះបងប្រជាពលរដ្ឋក្រីក្រមានសុជីវធ៌ម ជាមួយពួកគាត់ពេលសុំសេវាផ្សេងៗ តែការងារត្រូវតែម៉ឺងម៉ាត់មានការទទួលខុសត្រូវខ្ពស់ ហើយការងារមានតែរយៈពេល២ឆ្នាំ(១អាណត្តិ)។

ជាមួយគ្នានេះ លោក ញ៉ែម សំអឿន បានជំរុញឲ្យមន្ទីរពាណិជ្ជកម្មបើកផ្សារព្រំដែនអូរយ៉ាដាវងាយស្រួលប្រជាពលរដ្ឋដឹកទំនិញមកដាក់លក់ ដោយមិនចាំបាច់ដឹកទៅលក់នៅទីផ្សារវៀតណាម អាចក្រុមឈ្មួញខ្លះក្រឡុកតម្លៃពួកគាត់ បង្ខំចិត្តដឹកត្រឡប់មកដីខ្មែរវិញមានការខាតបង់ជាច្រើន នៅពេលខាងមុខរដ្ឋបាលខេត្ត បើកច្រកទ្វារញ៉ាង (ទ្វេភាគី) នៅស្រុកអណ្តូងមាស ដើម្បីបង្កភាពងាយស្រួលឲ្យប្រជាពលរដ្ឋនៅតំបន់នោះ ដឹកកសិផលទៅលក់នៅប្រទេសវៀតណាមផងដែរ៕