(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបន្តចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅសហគមន៍អណ្ដូង៦ ចំនួន ៣៥០គ្រួសារ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។

លោក ធឹម សំអាន ក៏បានថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងគិតគូរជានិច្ច ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋទីទ័លក្រ ចាស់ជរា ក្មេងកំព្រា និងពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗ។

មានមតិសំណេះសំណាលនាពេលនោះ លោកអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

នាឱកាសនេះ លោក ធឹម សំអាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានេះលោក ធឹម សំអាន សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មើលថែទាំសុខភាព និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

ក្នុងមួយគ្រួសារៗ ទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម និងមី ១កេស ៕