(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចសន្ទនាសាំងគ្រីឡារបស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) លើកទី២០ នៅប្រទេសសិង្ហបុរី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Ng Eng Hen រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យការពារជាតិ ហើយលោកអគ្គលេខាធិការអាស៊ាន បានកោតសរសើរចំពោះការចូលរួមចំណែករបស់សិង្ហបុរី នៅក្នុងកិច្ចការរបស់អាស៊ានក្នុងក្របខណ្ឌ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) ព្រមទាំងទន្ទឹងមើលការដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលឧត្តមភាពសន្តិសុខ តាមប្រព័ន្ធអ៊ីនធឺរណែត និងព័ត៌មាន ADMM នៅមូលដ្ឋានទ័ពជើងទឹក Changi ក្នុងប្រទេសសិង្ហបុរី នៅឆ្នាំនេះ។

នៅប្រទេសសិង្ហបុរី នារសៀលថ្ងៃដដែលនេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកស្រី Helena Carreiras រដ្ឋមន្ត្រីការពារជាតិព័រទុយហ្កាល់ នៅក្នុងឱកាសនៃកិច្ចប្រជុំ 20th IISS Shangri-La Dialogue។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរិះរកវិធីដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ព័រទុយហ្កាល់បន្ថែមទៀត ព្រមទាំងបានពិភាក្សាលើការវិវត្តន៍ចុងក្រោយ នៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ដោយផ្តោតសំខាន់លើវិស័យសន្តិសុខ និងការពារជាតិ។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានជួបពិភាក្សាការងារជាមួយ លោក Albert Chua អគ្គលេខាធិការក្រសួងការបរទេសសិង្ហបុរី និងជាឧត្តមមន្ត្រីអាស៊ានរបស់សិង្ហបុរី។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើវឌ្ឍនភាពចុងក្រោយ ក្នុងកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានារបស់អាស៊ាន និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន។

នៅល្ងាចថ្ងៃដដែលនេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Shaikh Abdulla bin Ahmed bin Abdulla Al Khalifa រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយរបស់ព្រះរាជាណាចក្របារ៉ែន។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរកវិធី និងមធ្យោបាយនានាដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងបារ៉ែន ឲ្យកាន់តែមានអត្ថន័យ លើវិស័យដែលជាផលប្រយោជន៍រួមរបស់ប្រជាជន និងតំបន់ទាំងពីរ។

លោកអគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងពិធីជប់លៀងអាហារពេលល្ងាចថ្នាក់រដ្ឋមន្ត្រី ដើម្បីស្វាគមន៍កិច្ចសន្ទនាសាំងគ្រីឡារបស់វិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) លើកទី២០ នៅប្រទេសសិង្ហបុរី។ នៅក្នុងពិធីជប់លៀងអាហារពេលល្ងាចនោះ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ត្រូវបានអញ្ជើញឲ្យផ្តល់សន្ទរថាគន្លឹះស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់៕