(ភ្នំពេញ)៖ លោក ទុំ ប៊ុនថន អតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ក្រោយត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោសនោះ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីខ្លួនបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូឃ្លីបនៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ទុំ ប៊ុនថន កន្លងទៅខ្លួនពិតជាបានប្រព្រឹត្តអំពើខុសឆ្គង ដោយសារតែការចាញ់បោក និងជឿតាមការញុះញង់របស់ថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ដូច្នេះចាប់ពីពេលនេះទៅ ខ្លួននឹងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
អតីតមន្ដ្រីជាន់ខ្ពស់ របស់អតីតគណបក្សសង្គ្រោះជាតិរូបនេះ ក៏បានចេញមកអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះ លោក ទុំ ប៊ុនថន បានទូលថ្វាយនូវការអរគុណចំពោះព្រះមហាក្សត្រ ដែលព្រះអង្គបានចេញព្រះរាជក្រឹត្យលើកលែងទោសដល់ខ្លួន។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានទូលថ្វាយព្រះមហាក្សត្រ ដើម្បីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសនេះ។
គួរជម្រាបថា លោក ទុំ ប៊ុនថន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោស នៅថ្ងៃទី០១ ខែមិុថនា ឆ្នាំ២០២៣ ហើយលោកត្រូវបានដោះលែងចេញពីពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ៕