(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្ដាំផ្ញើទៅដល់ថ្នាក់ដឹកនាំ នៃអង្គការក្រៅរដ្ឋាភិបាល កុំស៊ីលុយបរទេស ហើយមកវាយក្បាលខ្មែរ ដោយរាយការណ៍អាក្រក់ៗពីខ្មែរ។

ការផ្ដាំផ្ញើបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មិនដឹងជាអង្គការប៉ុន្មាន ស៊ីលុយបរទេស ហើយមកវាយក្បាលខ្មែរ [...] អស់លោកខ្មែរមួយចំនួន ហើយបើបានជាជ្រុល ស៊ីលុយបរទេស ស៊ីចុះ ក៏ប៉ុន្ដែកុំវាយក្បាលខ្មែរ»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា របាយការណ៍ហិរញ្ញវត្ថុ នៃអង្គការក្រៅរដ្ឋាភិបាល គឺខុសរហូត ដូច្នេះថ្ងៃក្រោយនឹងដាក់បន្ថែម ដោយមិនរាយការណ៍ អង្គការនោះត្រូវបិទ ព្រោះបើមិនធ្វើចឹងទេ មិនដឹងជាអង្គការប៉ុន្មាន ដែលស៊ីលុយបរទេស ហើយមកវាយក្បាលខ្មែរ។

ទន្ទឹមគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការធ្វើបែបនេះ គឺសម្ដេចគ្រាន់តែអំពាវនាវឲ្យខ្មែររបស់យើង មានការភ្ញាក់រលឹក កុំអោនក្បាលស៊ីលុយបរទេស ហើយសម្លាប់ខ្មែរ រាយការណ៍អាក្រក់ពីខ្មែរ គឺសម្ដេចអត់ចង់បានអ្វី ក្រៅពីតែការពិតនោះទេ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំទៅជនជាតិថៃ ដែលអ្នកជារាយការណ៍ពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កុំនិយាយលើសពីអ្វី ដែលមាននៅកម្ពុជា ហើយសម្ដេច ក៏មិនឲ្យនិយាយសរសើរ ឬនិយាយខុសពីកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបែបនេះថ្លែងថា «ខ្ញុំអត់ត្រូវការអ្នកឯងនិយាយលើស ពីអ្វីដែលមាននៅកម្ពុជានោះទេ ហើយក៏មិនចង់ឲ្យនិយាយខុស លើសរសើរខ្ញុំលើស ឬក៏និយាយខុសពីកម្ពុជា»