(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឱ្យអតីតបុគ្គលិកណាហ្គាវើល ដែលនៅសេសសល់ចំនួន ៩៨នាក់ បញ្ឈប់សកម្មភាពតវ៉ាទៀតទៅ និងបានអះអាងថា មិនមែនគេមិនដឹងទេសម្រាប់អ្នកស៊ីឈ្នួលធ្វើបាតុកម្មនោះ។

សម្ដេចតេជោលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនានានៅខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង នាព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «សូមមិត្តភក្តិបរទេសទាំងឡាយ ដែលផ្តល់លុយកាក់សម្រាប់ ៩៨នាក់ ដែលនៅសេសសល់ ដកដៃចេញទៅមិនមែនគេមិនដឹងទេ ធ្វើបាតុកម្មតាំងពីជាង ៣០០នាក់ យើងដោះស្រាយបានជាង ២០០នាក់ហើយ ហើយអ្នកទាំងនោះទទួលបានសំណងហើយ យើងបានរួមចំណែកទៅដោះស្រាយការងារធ្វើទៀត ប៉ុន្តែនៅសល់ ៩៨នាក់នេះ ក្មួយៗ ចាគចេញទៅមិនមែនគេមិនដឹងទេសម្រាប់អ្នកស៊ីឈ្នួលធ្វើបាតុកម្មនោះ»

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដែរថា នៅពេលមានវិបត្តិសេដ្ឋកិច្ចម្តងៗ ជាពិសេសសេដ្ឋកិច្ចពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នឹងទាក់ទងជាមួយនឹងសង្គ្រាមដែលវាបានកើត គឺប្រទេសមួយចំនួនបានកាត់បន្ថយចំនួនកម្មករ ហើយប្រទេសទាំងនោះគេធ្វើបាន ឯប្រទេសខ្មែរគឺករណីដូចគ្នា តែធ្វើអត់បាន ដូចណាហ្គាវើល យើងចោទចេញជាសំនួរមួយត្រង់ៗថា តើកម្មករម្នាក់ដែលខ្លួនអត់មានការងារធ្វើសោះ តែមានលទ្ធភាពធ្វើបាតុកម្មរយៈពេល ២ឆ្នាំ ដោយមិនចាំបាច់ធ្វើការងារ?

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រទេសគេដ៏ទៃគេកាត់កម្មករម្តងៗ រាប់ពាន់នាក់ គេនៅតែធ្វើបាន ឯប្រទេសខ្មែរកាត់ត្រឹតែប៉ុន្មានរយនាក់ ធ្វើមិនបាន ដោយសារមានអ្នកនៅពីក្រោយខ្នងឱ្យកម្មករធ្វើបាតុកម្មនេះសូមដកខ្លួនចេញទៅ គ្រាន់តែកន្លងទៅសម្តេចមិនទាន់បញ្ជារឱ្យទៅចាប់តែប៉ុណ្ណឹងនោះទេ ចំពោះអារឿងកន្លែងបើកលុយធ្វើបាតុកម្មនេះ ហើយសម្តេចក៏អាចរំលាយអង្គការដែលជាកន្លែងបើកលុយធ្វើបាតុកម្មនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា បើធ្វើអង្គការដើម្បីបំផ្លាញរដ្ឋាភិបាល គឺមិនឱ្យមាននោះទេ ថ្ងៃក្រោយនឹងធ្វើការពិនិត្យឡើងវិញ ហើយសម្តេចក៏បានពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង រួចហើយដែរ ចំពោះរបាយការណ៍ហិរញ្ញវត្ថុត្រូវតែធ្វើ ហើយអង្គការក្រៅរដ្ឋាភិបាលណាខ្លះដែលទទួលលុយពីណាមកខ្លះគឺត្រូវតែធ្វើ ហើយបើមិនធ្វើទេ ត្រូវតែរំលាយចោលអង្គការនឹងតែម្តង និងដាក់ជាការកំណត់នេះតែម្តង៕