(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ នាទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មី ចំនួន២៩៥រូប ក្នុងនោះមកពីគណក្សផ្សេងចំនួន១៥រូប។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងមានការចូលរួមពីអស់លោក លោកស្រី សមាជិកគណៈអចិន្រ្តៃយ៍គណបក្សស្រុកផងដែរ។

លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែនឹករលឹកដល់សមាជិក សមាជិកាគណបក្សនៅទូទាំងប្រទេស ក្រៅពីនេះលោកស្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មី ទាំង២៩៥នាក់ ដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា (ពោលគឺសមាជិកបក្សម្នាក់ ជាសំលេងឆ្នោតមួយសន្លឹក)។

លោកស្រី បានចាត់ទុកការចូលរួមនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវពីព្រោះគណក្សប្រជាជនកម្ពុជា ជាបក្សនយោបាយ ដែលបានសាងស្នាដៃជាច្រើន សម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ ក្នុងការកសាងជាតិទូទាំងប្រទេស។

បន្ថែមលើសនេះ លោកស្រី ឃួន ឃុនឌី បានលើកឡើងអំពីការចូលរួមរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលនេះសបញ្ជាក់ឲ្យឃើញអំពីការស្រឡាញ់ពេញចិត្ត ពីសំណាក់ក្រុមយុវជនទាំងអស់ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់មានសមត្ថភាព ក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យមានសុខសន្តិភាព មានការរីកចម្រើន និងមានការអភិវឌ្ឍតទៅមុខជាលំដាប់ ហើយក្នុងនោះបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត ក៏ត្រូវបានក្រុមយុវជនទាំងអស់មានការគាំទ្រភ្លូកទឹកភ្លូកដី ព្រមទាំងពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

លោកស្រីបានស្នើដល់យុវជន ក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវប្រព្រឹត្តិតែអំពើល្អ ចូលរួមធ្វើការងារសង្គម ការងារមនុស្សធម៌ និងសម្អាតអនាម័យ តាមទីសាធារណៈនិងចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ក្នុងពេលបញ្ចប់កម្មវិធីសំណេះសំណាល លោកស្រី ឃួន ឃុនឌី និងក្រុមការងារបានចុះពិនិត្យមើលការស្ថាបនា និងជួសជុលផ្លូវក្រាលគ្រួសក្រហមចាប់ពីភូមិព្រៃគុយ ទៅដល់ភូមិព្រេន ប្រវែងមួយពាន់ម៉ែត្រ ដែលបានជួសជុលរួចរាល់ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល ក៏ដូចជាការដឹកកសិផលផងដែរ៕