(កណ្ដាល)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ដែលបានធ្វើសកម្មភាពប្លន់ម៉ូតូមួយគ្រឿងពីបុរសម្នាក់ នៅយប់ឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅចំណុចតាមផ្លូវជាតិលេខ២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ អូន អាយុ៣៣ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (មានរបួសស្នាមដៃ និងជើង)។

ដោយឡែក ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបានឈ្មោះ ស៊ន មករា អាយុ១៨ឆ្នាំ មានទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ និងឈ្មោះ ឡូង មេសា អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ វត្ថុតាងដកហូតបាន ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី២០១៥ (របស់ជនសង្ស័យ) និងម៉ាក Honda scoopy ពណ៌ក្រហម ពាកផ្លាកលេខភ្នំពេញ1IM-6524 (របស់ជនរងគ្រោះ)។

របាយការណ៍ដដែលរៀបរាប់ថា កាលពីវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវជាតិលេខ២ ហួសផ្លូវកោង ក៏ស្រាប់តែមានម៉ូតូ៣គ្រឿង បានជិះមកបុកម៉ូតូគាត់ និងធាក់ម៉ូតូបណ្តាលឲ្យដួល ហើយបានដោះមួកការពារយកមកវាយគាត់ រួចដណ្តើមយកម៉ូតូគាត់ ពេលនោះគាត់បានប្រតាយប្រតប់ដណ្តើមម៉ូតូពីក្រុមជនសង្ស័យយកមកវិញ ហើយស្រែកថាចោរៗ ធ្វើឲ្យក្រុមជនសង្ស័យភ័យនាំគ្នាបើកម៉ូតូរត់គេចខ្លួន ពេលនោះក៏ជួបកម្លាំងល្បាតរបស់ប៉ុស្តិ៍តាក្តុល ចេញមកជួយអត្តរាគមន៍ដេញចាប់ឃាត់ខ្លួន បានជនសង្ស័យ២នាក់ និងវត្ថុតាងបញ្ជូនមកអធិការដ្ឋានចាត់ការតាមនិតិវិធីតែម្តង។

តាមការសាកសួរក្រុមជនសង្ស័យ បានឆ្លើយសារភាពថា ក្រុមគាត់ពិតជាបាននាំគ្នាធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូជនរងគ្រោះខាងលើ ប្រាកដមែន តែនៅក្រុងតាខ្មៅទើបប្រព្រឹត្តលើកទី១នេះទេ ចំណែកនៅភូមិសាស្រ្តរាជធានីភ្នំពេញ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ក្រុមគាត់ធ្លាប់ធ្វើសកម្មភាពជាច្រើនដងមកហើយ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕