(ភ្នំពេញ)៖ លោក ចាយ បូរិន តំណាងរាស្ដ្រមណ្ឌលត្បូងឃ្មុំ បានផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសមានចិត្ត នៃការចូលរួមរំលែកទុក្ខមរណភាពរបស់ ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី ដែលត្រូវជាឪពុករបស់លោក។

ក្នុងលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ចាយ បូរិន បានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំបាទ និងភរិយា តាងនាមក្រុមគ្រួសារសព លោកឪពុក ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី សូមគោរពសម្ដែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើសាររំលែកទុក្ខចំពោះខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី ត្រូវជាឧត្តមស្វាមី លោកឪពុក លោកឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតរបស់ខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នា។

សារចូលរួមមរណទុក្ខរបស់សម្តេចទាំងទ្វេ គឺជាព្រហ្មវិហារធម៌ សង្គហធម៌ប្រកបដោយមេត្តា ករុណា ដែលបានផ្តល់នូវភាពកក់ក្ដៅមិនអាចកាត់ថ្លៃបាន និងជាមហាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារទាំងអស់។

ជាថ្មីម្ដងទៀត ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមគោរពសម្ដែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត និងសូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យតេជបារមី នៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មី សូមជួយអភិបាល ថែរក្សាសម្តេចទាំងទ្វេ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្ដេចទាំងទ្វេ មេត្តាទទួលនូវគារវភក្ដីភាពដ៏ជ្រាលជ្រៅបំផុតពីខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នា»៕