(សៀមរាប)៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដែលមានទីតាំងនៅក្បាលស្ពាន ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដែលកំពុងបំពេញសកម្មភាពរបស់ខ្លួនរក្សា អភិរក្ស ព្យាបាល បីបាច់ចិញ្ចឹមសត្វព្រៃ បង្កាត់ពូជសត្វព្រៃកម្រ និងជិតផុតពូជជាដើម។

សម្រាប់មជ្ឈមណ្ឌលនេះ គឺជាទីតាំងទីមួយនៅលើពិភពលោកដែលបានបង្កាត់ពូជសត្វ «ខ្សឹប»។ ខណៈថ្មីៗនេះ ពងខ្សឹបចំនួន២គ្រាប់ ដែលបានប្រមូលចេញពីតំបន់អភិរក្សសត្វខ្សឹបនៅក្នុងតំបន់ទំនាបខាងជើងបឹងទន្លេសាប។ ពងខ្សឹបដែលបានប្រមូលមកត្រូវបានបញ្ជូនទៅកាន់កន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានភ្ញាស់បែបសិប្បនិម្មិតដោយជោគជ័យ។

កញ្ញា Christel Griffioen នាយកប្រចាំកម្ពុជា របស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានថ្លែងថា «សម្រាប់គម្រោងដែល ACCB ផ្តោតលើការអភិរក្ស គឺបក្សីទឹកធំៗ និងប្រភេទពពួកអណ្តើក ក្នុងនោះ ACCB បានប្រមូលសត្វកម្រៗ និងជិតផុតពូជដើម្បីអភិរក្ស និងបង្កាត់កុំឱ្យផុតពូជ»។

នាយកប្រចាំកម្ពុជាបានឱ្យដឹងថា មានកូនសត្វកម្រៗ និងជិតផុតពូជជាច្រើនត្រូវបានលែងឱ្យទៅរស់នៅក្នុងដែនជម្រកធម្មជាតិវិញជាដើម។

កញ្ញា Christel Griffioen បានគូសបញ្ជាក់ថា៖ «ចាប់តាំងពីឆ្នាំ២០១៥ មក ACCB បានអភិរក្ស និងបង្កាត់ពូជសត្វអណ្តើកជិតផុតពូជចំនួន ៦ប្រភេទ និងប្រភេទបក្សីធំៗ កម្រជិតផុតពូជ ចំនួន៦ប្រភេទ ខណៈប្រភេទសត្វត្រយងកង្កំក-ស ទើបនឹងបង្កាត់បានជោគជ័យឆ្នាំ២០២៣ និងគម្រោងបង្កាត់ពូជសត្វខ្សឹប»

ក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មានចុះធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា មជ្ឈមណ្ឌល ACCB បានដើរតួនាទីមួយយ៉ាងសំខាន់នៅក្នុងការចូលរួមការពារ និងអភិរក្សសត្វព្រៃកម្រៗ។ ទន្ទឹមនឹងការព្យាបាលសត្វព្រៃ ដែលរងរបួសដោយសារការដាក់អន្ទាក់ និងកត្តាផ្សេងៗ ប៉ុន្តែ មជ្ឈមណ្ឌលនេះ ក៏ជាទីតាំងបង្កាត់ពូជសត្វក្រៅជម្រកធម្មជាតិ ដែលជាផ្នែកមួយបង្កើនកំនួនប្រជាសាស្ត្រសត្វកម្រៗនៅក្នុងដែនជម្រករបស់កម្ពុជា។

លោក នេត្រ ភក្ត្រា​ បានបន្តថា៖ «នេះជាមជ្ឈមណ្ឌលទីមួយដែលទទួលបានភាពជោគជ័យក្នុងការបង្កាត់សត្វខ្សឹប លោកជឿជាក់ថាមួយកិច្ចការងាររបស់មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះនឹងចូលរួមកាន់តែច្រើនបន្ថែមទៀត ក្នុងការបង្កាត់ពូជប្រភេទសត្វកម្រៗ ដើម្បីលែងក្នុងជម្រកធម្មជាតិ»

លោក នេត្រ ភក្ត្រា បានបន្ថែមថា ផ្អែកលើទិន្នន័យសិក្សាស្រាវជ្រាវ នៃការធ្វើជំរឿនសត្វខ្សឹប នៅតាមទីជម្រកបន្តពូជសំខាន់ៗជុំវិញតំបន់ទំនាបលិចទឹកបឹងទន្លេសាប ឆ្នាំ២០២១កន្លងទៅ ចំនួនសត្វខ្សឹបឈ្មោលដែលបង្អូតខ្លួននៅរដូវបន្តពូជមានប្រមាណ ២២៩ក្បាល ខណៈការប៉ាន់ស្មាន ចំនួនសត្វខ្សឹបទាំងអស់មាប្រមាណ ៥៥០ក្បាល។ នេះគឺជាទិន្នន័យខ្ពស់បំផុតដែលធ្លាប់បានសិក្សាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លទ្ធផលល្អនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងស្ថាប័នពាក់ព័ន្ធក្នុងនោះរួមមានក្រសួងបរិស្ថាន អង្គការ WCS, ACCB, សហគមន៍តំបន់ការពារធម្មជាតិ និងម្ចាស់ជំនួយដែលបានគាំទ្របច្ចេកទេស និងការដាក់ចុះនូវវិធានការចាំបាច់ផ្សេងៗដើម្បីការពារតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា សត្វខ្សឹប ជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា។ សត្វប្រភេទនេះ មាននៅប្រទេសកម្ពុជា និងធ្លាប់មាននៅវៀតណាម។ វាត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោក ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថាមានចំនួនតិចជាង ៥០០ក្បាល នៅលើពិភពលោក។ សកម្មភាពការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប ដែលបច្ចុប្បន្ននេះ ត្រូវបានកំណត់ឈ្មោះថា «តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប» គ្របដណ្តប់លើផ្ទៃដីទំហំ ៣១.១៥៩ហិកតា លាតសន្ធឹងឆ្លងកាត់ខេត្តកំពង់ធំ និងសៀមរាប៕