(សិង្ហបុរី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានចូលរួមកិច្ចសន្ទនាសាំងគ្រីឡារបស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) លើកទី២០ បានចាប់ផ្តើមជាផ្លូវការ នៅប្រទេសសិង្ហបុរី។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងក្នុងសម័យប្រជុំពិសេស នៅក្រោមប្រធានបទ «ធ្វើឲ្យមានតុល្យភាពពហុភាគីនិយមតំបន់អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈភាពអាស៊ាន»។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃមជ្ឈភាពអាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ និងបានលើកឡើងពីកិច្ចព្រមព្រៀងអនុតំបន់នានា ដែលអាចបំពេញបន្ថែមដល់យន្តការតំបន់ដឹកនាំដោយអាស៊ាន។

នៅរសៀលថ្ងៃនេះដែរ លោកអគ្គលេខាធិការអាស៊ាន ក៏បានចូលរួមក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រី រៀបចំឡើងដោយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Ng Eng Hen ដែលនៅក្នុងកិច្ចពិភាក្សានោះ បណ្តារដ្ឋមន្ត្រីបានផ្លាស់ប្តូរទស្សនៈ និងចែករំលែកគំនិតលើបញ្ហាតំបន់ និងពិភពលោកបន្ទាន់ៗមួយចំនួន។

នៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចសន្ទនាសាំងគ្រីឡារបស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) លើកទី២០ នៅប្រទេសសិង្ហបុរី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Boris Pistorius រដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ នៅក្នុងជំនួបនោះ លោក និងរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បានផ្លាស់ប្តូរទស្សនៈដើម្បីពង្រឹងបន្ថែមនូវភាពជាដៃគូរវាងអាស៊ាន និងអាល្លឺម៉ង់ ក៏ដូចជា បានពិភាក្សាគ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាការចាប់អារម្មណ៍ និងការបារម្ភរួម។

ជាមួយគ្នានោះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានជួបពិភាក្សាការងារជាមួយ លោក Tom Burt អនុប្រធានក្រុមហ៊ុន និង លោក Mike Yeh អនុប្រធានថ្នាក់តំបន់របស់ក្រុមហ៊ុន Microsoft។ នៅក្នុងជំនួបនោះ អគ្គលេខាធិការអាស៊ាន និងខាងក្រុមហ៊ុន Microsoft បានពិភាក្សាគ្នាលើបញ្ហាពាក់ព័ន្ធនឹងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺរណែត នៅក្នុងតំបន់ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីលើកកម្ពស់ការប្រើប្រាស់លំហតាមប្រព័ន្ធអ៊ីនធឺរណែតឱ្យមានលំនឹង និងប្រកបដោយប្រសិទ្ធភាព។

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Jan Adams AO PSM រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន តាមរយៈគំនិតផ្តួចផ្តើម និងសកម្មភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នានា ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ៕