(ភ្នំពេញ)៖ ក្រោយខកខានប៉ុន្មានឆ្នាំចុងក្រោយ ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ទាំងពិភពលោកនិយាយជារួម កម្ពុជានិយាយដោយឡែក ដែលមិនបានចូលរួមប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ១៤ មិថុនាឡើយ។

ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើងវិញ និងអំពាវនាវដល់សាធារណជន ពិសេស គឺសប្បុរសជនបរិច្ចាគឈាមដោយស្ម័គ្រចិត្តទាំងអស់ ចូលរួមធ្វើការបរិច្ចាគឈាម ដើម្បីជួយជីវិតអ្នកជំងឺដែលត្រូវឈាមសង្គ្រោះជីវិតជារៀងរាល់ថ្ងៃ។

ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម១៤ មិថុនា រៀបចំឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបនូវកង្វះខាតឈាម និងផ្សព្វផ្សាយលើកកម្ពស់ការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ។ នេះបើតាមការឲ្យដឹងពី វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បន្តយ៉ាងដូច្នេះថា «សព្វថ្ងៃនេះ ការផ្តល់ឈាមស្ម័គ្រចិត្ត និងមិនគិតកម្រៃ ក្នុងប្រទេសកម្ពុជាយើង នៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់តាមតម្រូវការនៅឡើយទេ។ ដូចនេះ យើងត្រូវការអ្នកផ្តល់ឈាមស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់»។

នៅកម្ពុជាបច្ចុប្បន្ន រៀងរាល់៦នាទីម្ដង ត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។ ដូច្នេះវត្តមានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមិនគិតកម្រៃ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងជួយសង្គ្រោះអ្នកជំងឺយើងទាន់ពេលវេលា។

ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិតអ្នកជំងឺ»។ កម្មវិធីនេះប្រារព្ធរយៈពេលមួយថ្ងៃពេញ នៅទីតាំងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលស្ថិតនៅលើមហាវិថីយោធពលខេមរភូមិន្ទ ជាប់របងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ក្រៅព្រឹត្តិការណ៍បើក ក៏មានការចូលរួមពីវិស័យឯកជន និងសិល្បករសិល្បកាវិនី ដើម្បីញ៉ាំងកម្មវិធីឲ្យវិតតែឱឡារិក៕