(ពោធិ៍សាត់)៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ និង២៧នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលសង្ស័យពុលស្រាស ក្នុងកម្មវិធីកំដរបុណ្យសព មួយកន្លែងក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

ករណីពុលស្រានេះ បានកើតឡើងចាប់ពីនាវេលា១០យប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះរបស់សពឈ្មោះ ស៊ុម ម៉ើយ ដែលស្ថិតក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពពីកម្លាំងសមត្ថកិច្ច បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នាវេលាម៉ោងទាបភ្លឺ ឈានចូលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ មានករណីមុស្សដេកស្លាប់ ដែលកើតឡើងទៅលើជនរងគ្រោះឈ្មោះ ហ៊ុំ ហ៊ន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅស្ថិតក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ដោយឡែកមនុស្ស២៧នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ប្រភពបានបន្តថា ក្រោយពីបានទទួលដំណឹងខាងលើ កម្លាំងជំនាញនគរបាលបច្ចេកទេសវិទ្យាសាស្ត្រខេត្ត សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងគ្រូពេទ្យកោសល្យវិច្ច័យខេត្ត បានចុះទៅដល់ទីកន្លែងកើតហេតុ និងបានពិនិត្យទីកន្លែងកើតហេតុ និងសាកសព ឃើញស្ថិតនៅក្នុងផ្ទះរបស់សពឈ្មោះ ស៊ុម ម៉ើយ ភេទប្រុស​ អាយុ៨៨ឆ្នាំ ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ កម្លាំងបានពិនិត្យឃើញ មានរោងបុណ្យសព នៅពីខាងមុខផ្ទះ មានតុសំរាប់ទទួលភ្ញៀវ ចំនួន១០តុ និងកៅអីជ័រមួយចំនួន។

យោងតាមការពិនិត្យសាកសព ជាមួយគ្រូពេទ្យជំនាញកោសល្យវិច័យខេត្តពោធិ៍សាត់ នឹងការបំភ្លឺជុំវិញរឿងហេតុ យើងពុំទាន់អាចសន្និដ្ឋានបានច្បាស់លាស់នោះទេ ពោលគឺរងចាំការស្រាវជ្រាវបន្ត ពីជំនាញ ក.ប.ប ខេត្ត។ ហើយការស្លាប់នេះ ពុំមានពាក់ពន្ធ័​និងអំពើហឹង្សា ឬឃាតកម្មឡើយ គឺអាចសង្ស័យមកពីករណីពុលស្រាស ក្នុងកម្មវិធីកំដរបុណ្យសពឈ្មោះ ស៊ុម ម៉ើយ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីបន្តរៀបចំធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ នៅក្នុងកម្មវិធីបុណ្យសពឈ្មោះ ស៊ុម ម៉ើយ, កូនរបស់សពបានទៅទិញស្រាសពីកន្លែងមួយ មកចែកជូនដល់ជនរងគ្រោះ ដើម្បីពិសាកំដរបុណ្យសពពុករបស់ខ្លួន។ ស្រាប់តែវេលាម៉ោងទាបភ្លឺឈានចូលថ្ងៃទី០២ ខែមិថុនា ជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកកំដសពរ បានដេកស្លាប់ ហើយជងរងគ្រោះជាអ្នកកំដរ ចំនួន២៧នាក់ផ្សេងទៀត ដែលក្នុងនោះ២១នាក់ បានបញ្ជូនទៅសង្គ្រោះជាបន្តបន្ទាប់ នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និង៦នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ជុំវិញករណីនេះផងដែរ សមត្ថកិច្ចពុំអាចសន្និដ្ឋានបានច្បាស់លាស់នៅឡើង ដោយរងចាំជំនាញ ក.ប.ប ខេត្ត៕