(សៀមរាប)៖ លោក សៀក សុជាតិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសសមាសភាក្រុមការងារគណប​ក្សចុះមូលដ្ឋានឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

ក្នុងពិធីនេះ ក៏មានការចូលរួមពី ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ​ឫស្សីលក ប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សាខាបក្សភូមិ មណ្ឌលសុខភាព យុវជនឃុំ សរុប១២៨រូប។

ក្នុងឱកាសនោះ លោក សៀក សុជាតិ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងវាយតម្លៃខ្ពស់ នៃសមិទ្ធផលការងារកន្លងមករបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឫស្សីលក ដែលនាំឲ្យសម្រេចបានលទ្ធផលល្អប្រសើរ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ដោយទទួលបាន៦២% កើនឡើង៣៦% នៃសម្លេងគាំទ្រ ធៀបនឹងឆ្នាំ២០១៧។

ក្រៅពីនេះ លោក សៀក សុជាតិ បានណែនាំដល់ក្រុមការងារគណបក្ស ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ប្រធានសាខាបក្សឃុំ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តការងារចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋដូចភ្លៀងរលឹម និងបម្រើប្រជាពលរដ្ឋឲ្យអស់កម្លាំងកាយចិត្ត ជៀសវាងការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងត្រូវអប់រំសតិអារម្មគោលនយោបាយដល់ពួកគាត់ផងដែរ។

ចុងបញ្ចប់ លោក សៀក សុជាតិ ក៏បានឧបត្ថម្ភថវិកាដល់ ក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធាន សមាជិកសាខាបក្សភូមិ មណ្ឌលសុខភាព និងយុវជនឃុំ ក្នុងបរិយកាសស្និទ្ធស្នាល និងរីករាយ៕