(សៀមរាប)៖ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ នៅក្នុងវត្តបារាយមហានទីរតនារាម ហៅ (វត្តស្វាយរមៀត) ស្ថិតក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ព្រះសង្ឃ និងញាតិញោមពុទ្ធបរិស័ទ បានរៀបចំទេយ្យទាន និងសម្ភារៈជូនដល់ប្រជាពលរដ្ឋខ្វះខាត និងប្រគេនសម្ភារៈសិក្សាដល់សមណសិស្សពុទ្ធិកបឋមសិក្សាវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) និងសិស្សានុសិស្សសាលាបឋមសិក្សាបន្ទាយឈើសរុបចំនួន ៣៦៧នាក់។

កម្មវិធីនេះដែរ ប្រព្រឹត្តិទៅក្រោមព្រះវត្តមាន ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធិ ព្រះរាជាគណៈកិត្តិយស ព្រះ សមុហ៍គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តប្រាសាទចន្ទរង្សី (វត្តគោកចាន់) ព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណកិត្តិយស និងជាព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) ព្រះថេរានុថេរ:គ្រប់ព្រះអង្គ អាជ្ញាធរភូមិឃុំ និងមហាឧបាសិកា ជៀវ ម៉ាលី ជាម្ចាស់សទ្ធា លោកគ្រូធម្មាចារ្យ និងអ្នកគ្រូធម្មាចារ្យ សីលវ័ន សីលវតី ឧបាសក ឧបាសិកា ទាយក ទាយិកា ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ញោមញាតិ ពុទ្ធបរិស័ទទាំងអស់ជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ។

ព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណកិត្តិយស និងជាព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម(ស្វាយរមៀត) មានសង្ឃដីកាថា ថ្ងៃនេះ វត្តស្វាយរមៀត បានរៀបចំជាអំណោយមកចែកជូនដល់គ្រួសារខ្វះខាត និងប្រគេនសម្ភារៈសិក្សាដល់ សមណសិស្ស ពុទ្ធិកបឋមសិក្សាវត្តបារាយមហានទីរតនារាម (វត្តស្វាយរមៀត) និងសិស្សានុសិស្ស សាលាបឋមសិក្សាបន្ទាយឈើ។

ព្រះអង្គ បានបន្តថា ក្នុងនាមព្រះអង្គ ជាព្រះគ្រូចៅអធិការវត្ត តំណាងឱ្យព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ឋបរិស័ទទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះញោម មហាឧបាសិកា ជៀវ ម៉ាលី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋដែលមានការខ្វះខាត មិនថានៅខេត្តសៀមរាប ឬនៅតាមបណ្តាខេត្តដទៃទៀតនោះទេ។ នេះសបញ្ជាក់ឱ្យឃើញថា ការជួយគ្នាក្នុងគ្រាលំបាកវាជារឿងល្អបំផុត ហើយក៏មិនមែនជាលើកទីមួយឡើយ គឹជាលើកទី២៦ហើយ តាមដែលព្រះអង្គបានដឹង និងបានចូលរួមកម្មវិធីរបស់មហាឧបាសិកា នាពេលកន្លងមក។ ព្រះអង្គសូមកោតសរសើរដោយស្មោះ ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ញោមមហាឧបាសិកា ដែលតែងតែលះបង់នូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក៏ដូចជាកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីចូលរួមចំណែកជួយសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ឋសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនោះដែរ មហាឧបាសិកា ជៀវ ម៉ាលី បានលើកឡើងថា ទេយ្យទាន និងសម្ភារៈទាំងនេះ គឺបានមកពីការរួបរួមសាមគ្គីគ្នា និងចេះជួយគ្នាហើយ ព្រមទាំងចែករំលែកនៅសេចក្តីល្អដល់គ្នា។ ដោយឡែក ចំពោះប្រជាពលរដ្ឋខ្វះខាត និងសមណសិស្សពុទ្ធិកបឋមសិក្សាវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) និងសិស្សានុសិស្សសាលាបឋមសិក្សាបន្ទាយឈើសរុបចំនួនទាំងអស់ ៣៦៧នាក់ ក្នុងម្នាក់ៗទទួលបាន ប្រជាពលរដ្ឋ ២០គ្រួសារ ទទួលបានក្នុងមួយគ្រួសារ អង្ករ២០គីឡូ ទឹកត្រីទឹកស៊ីអ៊ីវ មី១កេសតូច អំបិល១គីឡូ ទឹកសុទ្ធ១យួរ ប្រាក់៣០០០០រៀល សំពត់១ឈុត សាប៊ូលាងចាន១ដប។

ប្រជាពលរដ្ឋ ៧៥គ្រួសារ ទទួលបាន១គ្រួសារ សារ៉ុង១ ប្រាក់១០០០០រៀល។ សមណសិស្ស ៤០រូប ទទួលបានសៀវភៅ២ក្បាលប៊ិច២ដើម បច្ច័យ១០០០០រៀល និងសិក្សានុសិស្ស ២០០នាក់ ក្នុងម្នាក់ៗ ទទួលបានសៀវភៅ២ក្បាលប៊ិច២ដើម ប្រាក់៣០០០រៀល។

ជាមួយនេះដែរ លោកគ្រូ អ្នកគ្រូ ៦នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ ប្រាក់២៥០០០រៀល។ ប្រជាការពារ និងនគរបាល ១០ នាក់ ក្នុងម្នាក់ៗ ទទួលបានប្រាក់២៥០០០រៀល។ ស.ស.យ.ក និងក្រុមការងារភូមិ ៧នាក់ក្នុងម្នាក់ៗ ទទួលបានប្រាក់២៥០០០រៀល និងប្រគេនព្រះរាជាគណ: និងព្រះគ្រូ ៩ព្រះអង្គ ក្នុងមួយព្រះអង្គ ទទួលបច្ច័យបាន៥០០០០រៀលផងដែរ៕