(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បាននិងកំពុងបំពេញបេសកកម្ម នៅប្រទេសសិង្ហបុរី នាចុងសប្តាហ៍នេះ។

នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី ក្រោយពីបញ្ចប់អាហារពេលព្រឹកការងារជាមួយអ្នកចូលរួម នៃកម្មវិធីថ្នាក់ដឹកនាំវ័យក្មេងមកពីអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ របស់ IISS លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសដល់សារព័ត៌មាន The Scoop របស់ប្រទេសព្រុយណេ។

នៅក្នុងកិច្ចសម្ភាសនោះលោកអគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈរបស់គាត់អំពីកិច្ចពិភាក្សានៅក្នុងកិច្ចសន្ទនាសាំងគ្រីឡាលើកទី២០ ព្រមទាំងបញ្ហាតំបន់មួយចំនួនទៀត។

ដោយឡែក នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនានេះដែរ លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Tobias Lindner រដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់។ 

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តដើម្បីពង្រឹងបន្ថែមនូវភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-អាល្លឺម៉ង់ និងបានផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍ចុងក្រោយនៃបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍រួម ព្រមទាំងបានរិះរកវិធីដើម្បីធ្វើឱ្យភាពជាដៃគូឈានទៅរកកម្រិតថ្មីមួយទៀត៕