(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីផ្ដល់នូវអំណោយ និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនចំនួន ១៩៧ នាក់ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ, លោក វង្សី វិស្សុត បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះអតីតយុទ្ធជន, ជនពិការ និងគ្រួសារពលី-មរណៈទាំងអស់ ក្នុងស្រុកមុខកំពូល។ លោកបានបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល តែងគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ជាពិសេសចំពោះបងប្អូនដែលមានការលំបាកជីវភាព។ ជាក់ស្តែង, សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា នៅក្នុងឆ្នាំ២០០៧ ដែលមានសម្តេចផ្ទាល់ជាប្រធានសមាគម ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីលើកកម្ពស់កិត្តិយស, សេចក្តីថ្លៃថ្នូរ និងគុណបំណាច់ដ៏ធំធេងមិនអាច់កាត់ថ្លៃបានរបស់អតីតយុទ្ធជនទាំងអស់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានខិតខំដំឡើងប្រាក់សោធនប្រចាំខែ សម្រាប់អតីតយុទ្ធជន ទន្ទឹមគ្នានឹងការដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ស្របទៅតាមលទ្ធភាពនៃថវិកាជាតិ ។ ជាក់ស្តែង ប្រាក់សោធនអប្បបរមាប្រចាំខែរបស់អតីតយុទ្ធជន ត្រូវបានដំឡើងពីប្រមាណ ២៧ ម៉ឺនរៀល ដល់ ៣០ ម៉ឺនរៀល ក្នុងមួយខែ នៅឆ្នាំ ២០១៥ រហូតដល់ ៧៧ ម៉ឺនរៀល ក្នុងមួយខែ នៅឆ្នាំ២០២៣នេះ។

លោក វង្សី វិស្សុត បន្តមានប្រសាសន៍លើកឡើងថា បន្ថែមពីលើការបន្តពិនិត្យលទ្ធភាពតម្លើងប្រាក់សោធនជាប្រចាំខាងលើ, រាជរដ្ឋាភិបាលក៏បានផ្តល់ជូននិវត្តជនគ្រប់រូបដែលជាអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន នូវការគាំពារផ្នែកថែទាំសុខភាព តាមរយៈបេឡាជាតិសន្តិសុខសង្គមផងដែរ ដោយរដ្ឋជាអ្នករ៉ាប់រងបន្ទុកចំណាយទាំងស្រុង ។ ដោយឡែក ចំពោះអតីតយុទ្ធជន និងអតីតយុទ្ធជនមានពិការភាព ដែលមានជីវភាពលំបាក (មានបណ្ណសមធម៌) ទទួលបានប្រាក់ឧបត្ថម្ភជំនួយសង្គមផងដែរ ដូចជា៖ របបគោលនយោបាយសម្រាប់ជនពិការក្រីក្រតាមសហគមន៍, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណាជាដើម បន្ថែមពីលើអត្ថប្រយោជន៍ និងរបបគោលនយោបាយឧបត្ថម្ភនានា ដែលកំពុងត្រូវបានអនុវត្តដោយក្រសួងការពារជាតិ។ លោកបានបន្តថា ការដាក់ចេញនូវគោលនយោបាយថវិកា ដោយផ្តោតលើមនុស្សរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏បានផ្តល់ឱកាសដល់អតីតយុទ្ធជន និងគ្រួសារ ក្នុងការទទួល បានការងារ និងប្រាក់ចំណូលបន្ថែម ហើយកូនចៅក៏ទទួលបាននូវសេវាអប់រំ និងសុខាភិបាល ប្រកប ដោយគុណភាពផងដែរ។ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តគោលនយោបាយដំឡើងប្រាក់បៀវត្សមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងបង្កើនប្រាក់សោធននិវត្តជូនអតីតយុទ្ធជន ទន្ទឹមគ្នានឹងការពង្រីក ឱ្យកាន់តែធំនូវចំណាយលើវិស័យសង្គមកិច្ច ពិសេសអប់រំ និងសុខាភិបាល និងជំនួយសង្គម សម្រាប់គ្រួសារក្រីក្រជួបការលំបាក និងក្រុមជនងាយរងគ្រោះ។ ក៏ប៉ុន្តែ យើងចាំបាច់ត្រូវតែមានកំណើន ហើយកំណើននេះ ត្រូវតែជាកំណើនខ្ពស់ ដើម្បីអាចបែងចែកផ្លែផ្កានៃកំណើននេះ ប្រកបដោយសមធម៌ ហើយរដ្ឋក៏អាចប្រមូលចំណូលពន្ធបានគ្រប់គ្រាន់ សម្រាប់អនុវត្តគោលនយោបាយខាងលើនេះ។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា ពិធីបំពាក់គ្រឿងឥស្សរិយយសនាពេលនេះ គឺជាការ រំលឹកឡើងវិញនូវការដឹងគុណ និងការទទួលស្គាល់នូវគុណបំណាច់ ចំពោះអតីតយុទ្ធជនទាំងអស់ ដែលបានពលិកម្ម ប្រកបដោយស្មារតីស្នេហាជាតិ និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី, ការកសាងសន្តិភាព និងឯកភាពជាតិ ព្រមទាំងការអភិវឌ្ឍប្រទេសជាតិ ផ្តើមចេញពីចំណុសូន្យ, ពីបាតដៃទទេ ឱ្យងើបចេញពីភាពក្រីក្រ រហូតទទួលបាននូវវឌ្ឍនភាព និងការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ដូចសព្វថ្ងៃ។

លោក វង្សី វិស្សុត ក៏មានប្រសាសន៍លើកឡើងផងដែរ អំពីសមិទ្ធផលធំៗជាច្រើនរាប់មិនអស់ ដែលរាជរដ្ឋាភិបាលសម្រេចបានជូនប្រទេសជាតិ និងប្រជាជននាពេលកន្លងមក ជាពិសេស ភាពជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាការភ្ញាក់ផ្អើលសម្រាប់ពិភពលោក និងភាពជោគជ័យនៃការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលឆ្លុះបញ្ចាំងពីឯករាជ្យភាព និងពីសមត្ថភាពការពារប្រយោជន៍ជាតិ ព្រមទាំងការលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ដែលពីមុនធ្លាប់ត្រូវបានគេមើលងាយ។ ទន្ទឹមនេះ ការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games ឆ្នាំ២០២៣ នាពេលថ្មីៗនេះ ក៏ជាមោទនភាពជាតិថ្មីមួយទៀត ដែលធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជា, ស្គាល់សមត្ថភាពកម្ពុជា, ស្គាល់ប្រវត្តិសាស្រ្ត និងអារ្យធម៌ដ៏រុងរឿងរបស់កម្ពុជា ហើយជួយលើកមុខមាត់កម្ពុជាបានមួយកម្រិតថែមទៀតផងដែរ ពិសេសបំផុត គឺពីតួនាទីដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។ ដូចនេះ យើងទាំងអស់គ្នាត្រូវបន្តបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី បន្តវេននាពេលអនាគត។

នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានឧបត្ថម្ភដល់អតីយុទ្ធជន ដែលចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយសទាំងអស់ ដោយម្នាក់ៗ ទទួលបានថវិកា ៥ ម៉ឺនរៀល, អង្ករ ២០ គីឡូក្រាម, មី ០១ កេស និងត្រីខ ២យូរ។ លោកក៏បានផ្តល់ការណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានត្រូវសហការសម្របសម្រួលជាមួយអគ្គលេខធិការដ្ឋាន នៃសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីពិនិត្យលទ្ធភាព និងដោះស្រាយការសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ១៧ គ្រួសារ ក្នុងស្រុកមុខកំពូល ដែលគ្មានដី និងគ្មានផ្ទះ។ គួរបញ្ជាក់ដែរថា តាមរបាយការណ៍របស់លោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល គិតត្រឹមខែមេសា ឆ្នាំ២០២៣ មុខសញ្ញាជាអតីតយុទ្ធជន ក្នុងស្រុកមុខកំពូល សរុបចំនួន ២៧២នាក់ ក្នុងនោះ ជនពិការ ចំនួន ៥៤នាក់, ជនមរណៈ ៣៨នាក់, ជនពលី ៧១នាក់, និវត្តជន ១០៥នាក់, និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ០៤នាក់៕