(ស្វាយរៀង)៖ ថ្លែងក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សធំជាងគេដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបានកសាង និងសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្តយ៉ាងច្រើន សម្រាប់បុព្វហេតុជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា។

លោកបន្ថែមថា យើងទាំងអស់គ្នាត្រូវដឹងគុណគណបក្សប្រជាជនកម្ពុជា និងត្រូវបន្តនាំគ្នាការពារសមិទ្ធផលទាំងនេះឲ្យស្ថិតនៅគង់វង្ស សម្រាប់កូនចៅរបស់យើងជំនាន់ក្រោយៗទៀត។​ សមិទ្ធផលសម្រេចបានរបស់គណបក្សប្រជាជនកម្ពុជា​ គឺជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា។

ពេលជួបសំណេះសំណាលសួរសុខទុក្ខជាមួយមេគ្រួសារបក្សចំនួន ១៥៤៦ នាក់ នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក លី ធុជ ក៏បានពាំនាំនូវសេចក្តីនឹករលឹកពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

លោកបានបន្តទៀតថា រយៈពេលជាង ៤០ឆ្នាំនេះ ការដឹកនាំប្រទេសកម្ពុជា គឺមិនអាចខ្វះបានទេពីការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពីព្រោះគណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូល និងជាប្រវត្តិសាស្រ្តក្នុងការផ្សះផ្សារ និងបង្រួបបង្រួមប្រទេសជាតិ ឲ្យរួបរួមគ្នាតែមួយក្រោមដំបូលសន្តិភាពរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងអស់ ត្រូវសម្រេចចិត្តក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន។

ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តិទៅទីស្នាក់ការបក្សសង្កាត់ព្រៃអង្គុញ និងមានការចូលរួមពីអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ប្រធានក្រុមប្រឹក្សាខេត្ត ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត សមាជិកបក្សខេត្ត ក្រុង សង្កាត់ និងសាខាបក្សភូមិក្នុងសង្កាត់ព្រៃអង្គុញ៕