(មណ្ឌលគិរី)៖ កងទ័ពមួកខៀវកម្ពុជា និងអាជ្ញាធរមីន រួមសហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីចុះសួរសុខទុក្ខ សំណេះសំណាល ប្រជាពលរដ្ឋ កងកម្លាំង និងកម្ទេចគ្រាប់មិនទាន់ផ្ទុះ នៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក សែម សុវណ្ណនី ទេសរដ្ឋមន្រ្តី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ បានថ្លែងថា កម្ពុជាធ្លាប់ជាប្រទេសមួយដែលរងគ្រោះជោគជាំដោយភ្លើងសង្រ្គាមអស់ ជាច្រើនទសវត្សរ៍។ បន្ទាប់ពីសង្រ្គាមត្រូវបញ្ចប់ គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះជាច្រើនបាននៅសេសសល់កប់ក្នុងដីដែលតែងបង្ក ជាហានិភ័យដល់អាយុជីវិតមនុស្សសត្វ និងទ្រព្យសម្បត្តិទូទាំងប្រទេស។

លោកបន្តថា ដោយមានការសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរមីន ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងក្រោមការគាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្នុងការអនុវត្តគម្រោងសម្ដេចតេជោ សម្រាប់សកម្មភាពមីនក្រោមមូលបទ ផ្តល់ដីមានសុវត្ថិភាពបង្កើតស្នាមញញឹម ជាហេតុនាំឱ្យប្រតិបត្តិការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

លោក សែម សុវណ្ណនី បញ្ជាក់ថា ប្រតិបត្តិការក្នុងខេត្តមណ្ឌលគិរីនេះ ក្នុងការអនុវត្តគម្រោង ផ្តល់ដីមានសុវត្ថិភាពមានផ្ទៃដីសរុបចំនួន៩,១២១,៩៧៣ ម៉ែត្រក្រឡា ត្រូវបានបោសសំអាតបានផ្ទៃដីសរុប៨,១៧៩,៣៧៧ ម៉ែត្រក្រឡា ស្មើនឹងប្រមាណ ៨០% នៃផ្ទៃដីសរុប។ ក្នុងនោះ មន្ត្រីបានរកឃើញមីនប្រឆាំងមនុស្ស និងរថក្រោះចំនួន ៤៤គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទះចំនួន ១៦៩គ្រាប់ ព្រមទាំងអំបែងចំនួន ៥៦,៩៤៩ដុំ។ ចំពោះផ្ទៃដីដែលបានបោសសំអាតរួចបានបែងចែកទៅប្រជាពលរដ្ឋចំនួន ៦១៤គ្រួសារ។

លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ខេត្តមណ្ឌលគិរី អាចនិយាយបានថា ជាខេត្តមួយដែលមិនសូវទទួលរងនូវការគម្រាម កំហែងពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗ ដែលកន្លងមក មានការរងផលប៉ះពាល់តិចតួច ពីគ្រាប់បែកចង្កោមតែប៉ុណ្ណោះ ដែលធ្វើឱ្យមានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

តាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិ និងជាប្រធានការដ្ឋានបោសសំអាតមីន បានបញ្ជាក់ថា យោងតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមីន ដែលបានកំណត់ថាកម្ពុជានឹងអស់មីននៅឆ្នាំ២០២៥ រួមទាំងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានជំរុញខ្លាំងលើការងារបោសសំអាតមីន ដែលបានបង្កើតជាមូលនិធិសម្រាប់បោសសម្អាតមីន ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមរយៈ ការដាក់ចេញនូវផែនការសកម្មភាពការងារនេះ កងកម្លាំង នៃមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានចុះអនុវត្តការងារនៅតាមបណ្តារាជធានី ខេត្ត ទាំង២៥ ទូទាំងប្រទេស ក្នុងនោះ ក៏មានខេត្តមណ្ឌលគិរីផងដែរ៕