(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហាភូមិសាស្ត្រនយោបាយក្លាយជាប្រធានបទក្ដៅគគុកសម្រាប់ពិភពលោក ក្នុងនោះតំបន់អាស៉ីកំពុងជាគោលដៅប្រឈមដ៏គ្រោះថ្នាក់ តួយ៉ាងសម្ពន្ធយោធាណាតូដែលធ្លាប់តែនៅតំបន់អឺរ៉ុប ឥឡូវហាក់ដូចជាឆ្ពោះមកតំបន់អាស៉ីប៉ាស៉ីហ្វិកក្រោមរូបភាពផ្សេងៗ ដែលជាកង្វល់របស់អាស៊ានទាំងមូល។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់​ការ​សិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាព្រឹកថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចតេជោបានឱ្យដឹងថា បញ្ហាភូមិសាស្ត្រនយោបាយក្លាយជាប្រធានបទក្ដៅគគុកសម្រាប់ពិភពលោក វាមិនមែនសម្រាប់តែរវាងរុស្ស៉ី និងអ៊ុយក្រែនទេ តែឥឡូវនេះតំបន់អាស៉ីកំពុងជាគោលដៅនៃបញ្ហាប្រឈមដ៏គ្រោះថ្នាក់។

សម្ដេចតេជោបានបន្តថា មកទល់ពេលនេះ ប្រទេសមួយចំនួនបានប្រកាសបញ្ជូននាវាចូលមកកាន់តែកៀកភូមិសាស្ត្រអាស៉ីអាគ្នេយ៍ ហើយតម្រង់ឆ្ពោះទៅរកសមុទ្រចិនខាងត្បូង។ បន្ថែមលើសនោះ សម្ពន្ធភាពខ្នាតតូចដែលប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ក៏កំពុងក្លាយទៅជាកង្វល់របស់អាស៊ាន និងបណ្ដាប្រទេសនៅក្នុងតំបន់។

សម្ដេចតេជោបញ្ជាក់ថា អាស៊ានមានចំណុចពិសេសរបស់ខ្លួន គឺជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយប្រឆាំងនឹងការរីកសាយអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែប្រសិនជាមិនមានហានិភ័យអ្វីទេ ក៏វាជាចំណុចចាប់ផ្ដើមនៃការរត់ប្រណាំងសព្វាវុធដ៏មានគ្រោះថ្នាក់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ណាតូ ធ្លាប់តែនៅទិសខាងលិច ឥឡូវហាក់ដូចជាឆ្ពោះមកតំបន់អាស៉ីប៉ាស៉ីហ្វិកក្រោមរូបភាពផ្សេងៗ ដែលជាកង្វល់របស់យើង (អាស៊ាន)»

សម្ដេចតេជោយល់ថា ប្រសិនជាបន្តស្ថានភាពនេះតទៅទៀត ពិភពលោកកាន់តែប្រឈមនឹងគ្រោះថ្នាក់កាន់តែធំ​ ក៏ប៉ុន្តែកម្ពុជានៅតែមានសុទិដ្ឋិនិយមថា ពិភពលោកនឹងស្វែងរកភាពស្រុះស្រួលគ្នាមួយ ដើម្បីគ្រប់គ្រងទំនាក់ទំនងដោយសន្តិវិធី ជាពិសេសភាពតានតឹងរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រួលស្ថានការណ៍ឱ្យធូរស្រាលឡើងវិញ៕