(កំពង់ឆ្នាំង)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិហារឥស្លាម និងសមិទ្ធផលនានា ចំណាយថវិកាសរុប ១០២ ១០០ ដុល្លារអាមេរិក ស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្រ្ដី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូន សានិកឥស្លាម ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង និងបានចូលរួមអបអរសាទរ ចំពោះសមិទ្ធផលវិហារឥស្លាមថ្មី និងសមិទ្ធផលនានាជាច្រើនទៀត ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងថ្ងៃនេះ ក៏ដូចជាសមិទ្ធផលនានា ដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វិហារ សម្រាប់សាសនិកឥស្លាមទាំងអស់ ក្នុងស្រុកសាមគ្គីមានជ័យ ក៏ដូចជានៅទូទាំងខេត្តកំពង់ឆ្នាំង ។

បណ្ឌិតសភាចារ្យបានថ្លែងថា នៅពេលប្រទេសជាតិយើងធ្លាក់ក្នុងភ្លើងសង្គ្រាម គឺគ្រប់សាសនាទាំងអស់ក៏ត្រូវរងការបំផ្លាញ ហើយលំបាកវេទនាជាទីបំផុត និងមានការរើសអើង បិទសិទ្ធិសេរីភាព ជាពិសេសក្នុងរបបប្រល័យជូជសាសន៍ ហើយនៅពេលនេះប្រទេស មានសេចក្ដីសុខ គ្រប់សាសនាទាំងអស់ក៏បានរស់ឡើងវិញពីសង្គ្រាម និងទទួលបានសិទ្ធិសេរីភាពដូចគ្នា និងរស់នៅក្រោមដំបូលនៃសុខសន្តិភាព សន្តិភាពទាំងអស់គ្នា។

បណ្ឌិតសភាចារ្យបានថ្លែងអំណរគុណប្រជាពលរដ្ឋនៅខ្មែរឥស្លាមទាំងអស់ នៅខេត្តកំពង់ឆ្នាំង ដែលតែងតែគាំទ្ររាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក និងបានផ្ដាំផ្ញើដល់បងប្អូនចូលរួមថែរក្សាសន្តិភាព ជាពិសេស គឺជួយគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី នាពេលអនាគត។

លោករដ្ឋមន្ត្រី បានរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋ កុំជឿលើការញុះញង់របស់ជនអគិតិមួយចំនួន ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមបងប្អូនត្រៀមឯកសារពាក់ព័ន្ធ និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្ដី ការពារសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍប្រទេស។

បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានលើកឡើងពី ជោគជ័យរបស់រាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ ជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា និងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ប្រកបដោយមោទនភាពជាទីបំផុត នៅក្នុងប្រវត្តិសាស្រ្ត។

លោករដ្ឋមន្ត្រីបានជូនថវិកា ៥លានរៀល សម្រាប់កម្មវិធីនេះ និងបានសន្យាជួសជុលផ្លូវ ១ ៥០០ម៉ែត្រ នៅភូមិចន្លោះដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ តាមសំណូមពរជូនវត្ថុអនុស្សាវរីយ៍ប្រជាពលរដ្ឋ ចូលរួម ៦៦០នាក់ ម្នាក់ៗទទួលបានសារ៉ុង ១ថវិកា ១ម៉ឺនរៀល សិស្សានុសិស្ស ៥០នាក់ ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ថវិកា១ម៉ឺនរៀល៕