(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជាពិសេសនាវាដើរដោយថាមពលនុយក្លេអ៊ែរ គឺជាក្តីបារម្ភមួយសម្រាប់ពិភពលោក។

ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្តេចតេជោ បានបន្តថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ កំពុងបង្កបញ្ហាដល់អាស៊ានរបស់យើង។ ឥឡូវនេះ ប្រទេសខ្លះកំពុងបញ្ជូននាវាដើរដោយថាមពលនុយក្លេអ៊ែរ មកកាន់តែកៀកនៅក្នុងភូមិសាស្ត្រអាស៉ីអាគ្នេយ៍ ហើយតម្រង់ឆ្ពោះទៅរកសមុទ្រចិនខាងត្បូង។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្រុមមាននាវាមុជទឹកដើរដោយថាមពលនុយក្លេងអ៊ែរ រវាងអាមេរិក អូស្ត្រាលី និងអង់គ្លេស ក៏ក្លាយជាប្រធានបទរបស់អាស៊ាន និងបណ្តាប្រទេសនៅក្នុងតំបន់។ អាស៊ានជាចំណុចពិសេសរបស់ខ្លួន ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយយើងប្រឆាំងនឹងការរីកសាយអាវុធនុយក្លេអ៊ែរ។

«បើវាមិនមានហានិភ័យអ្វី ក៏វាជាចំណុចចាប់ផ្តើមនៃការរត់ប្រណាំងសព្វាវុធដ៏មានគ្រោះថ្នាក់។ ខ្ញុំយល់ថា បើសិនជាមានការបន្តស្ថានភាពនេះតទៀត ពិភពលោក នឹងប្រឈមនឹងគ្រោះថ្នាក់កាន់តែធំ»។ នេះបើតាមប្រសាសន៍សម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ពិភពលោកនឹងប្រឈមនឹងបញ្ហាកាន់តែធ្ងន់ធ្ងរ បើមានការប្រជែងផ្នែកសព្វាវុធ។ សម្តេចតេជោ ក៏បានថ្លែងបង្ហាញក្តីរំពឹងថា អាមេរិក និងចិន នឹងអាចស្វែងរកការស្រុះស្រួលគ្នា ដើម្បីបញ្ចៀសបញ្ហាទាំងឡាយ ខណៈណាតូ កំពុងឈានពីអឺរ៉ុប ឆ្ពោះមករកតំបន់អាស៊ី។

សូមជម្រាបថា ការប្រកាសបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី AUKUS (A-UK-US) រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បានបង្កឱ្យមានប្រតិកម្មផ្សេងៗពីគ្នា ដោយប្រទេសខ្លះបានបង្ហាញជំហរជំទាស់ រីឯខ្លះគាំទ្រ ហើយខ្លះទៀតបង្ហាញក្ដីព្រួយបារម្ភថាសម្ព័ន្ធភាពនេះដែលសន្យានឹងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរ អាចនឹងបង្កទៅជាការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ AUKUS ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១៕