(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា មកពីឃុំចំនួន៧ ក្នុងស្រុកកំពង់សៀម ប្រមាណ ៧,០០០នាក់។ ពិធីជួបជុំនេះបានធ្វើឡើងនៅមុខស្នាក់ការបក្សប្រជាជនកម្ពុជា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា ការជួបជុំនាពេលនេះ គឺក្នុងគោលបំណងចង់ឱ្យថ្នាក់ដឹកនាំបក្សប្រជាជនគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រធាន-អនុប្រធានក្រុម ជ្រួតជ្រាបឱ្យបានច្បាស់នៃការកំណត់គោលនយោបាយរបស់បក្ស និងផែនការសកម្មភាពរបស់គណបក្សប្រជាជនខេត្តកំពង់ចាម ដែលដំណើរកាបានរជោគជ័យ និងបន្តដំណើរការជោគជ័យនេះទៅមុខទៀ តាមរយៈវេទិកាសាធារណៈ ដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបន្តថា ប្រជាជនកម្ពុជា បានជឿជាក់យ៉ាងមោះមុត លើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបញ្ចប់សង្រ្គាមនៅកម្ពុជា តាមនយោបាយឈ្នះឈ្នះ នាំប្រទេសជាតិឱ្យចេញផុតពីស្រមោលនៃអតីតកាល ដ៏ខ្មៅងងឹត និងឈឺចាប់បំផុត មកកាន់សម័យដ៏ភ្លឺថ្លា ដែលពោរពេញដោយក្តីសង្ឃឹម និងបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតបច្ចុប្បន្ន ពោលគឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី គឺជាមហារដ្ឋបុរសមួយរូប ដែលមានឆន្ទៈមោះមុត និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ដើម្បីដឹកនាំ និងកសាងប្រទេសជាតិយើង ជាប្រវត្តិសាស្រ្តមួយដែលគ្មាននរណាម្នាក់អាចមើលរំលងបាន។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានលើកឡើងថា ប្រធាន អនុប្រធាន ក្រុមបក្សទូទាំងស្រុកព្រៃឈរថា ចំពោះគោលនយោបាយ យុទ្ធសាស្ត្ររបស់គណបក្ស ត្រូវក្តាប់ឱ្យបានច្បាស់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយ ដែលមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា គឺការបោះឆ្នោត៥ឆ្នាំម្តង ប្រកបដោយភាពជោគជ័យ និងសូមឱ្យបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានកាន់តែរឹងមាំ ដោយចាត់គ្រប់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧបាយកលដែលប៉ុនប៉ង ធ្វើឱ្យរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោតនៅកម្ពុជាផងដែរ៕