(សៀមរាប)៖ តាមរយៈគម្រោងដោះលែងសត្វព្រៃ ក្នុងឧទ្យានជាតិអង្គរ ដែលចាប់ផ្តើមពីឆ្នាំ២០២១មក យ៉ាងហោចណាស់មានសត្វព្រៃកម្រ និងជិតផុតពូជ១០ប្រភេទ មានចំនួនប្រមាណ ៤០ក្បាល ត្រូវបាននាំមកលែង និងកើតកូននៅក្នុងឧទ្យានជាតិអង្គរ ដើម្បីឱ្យក្លាយជាចំណែកមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រៅពីទេសចរណ៍បែបប្រវត្តិសាស្ត្រ។

ការលែងសត្វព្រៃកម្រនៅក្នុងឧទ្យានជាតិអង្គរនេះ ធ្វើឡើងក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសចុះធ្វើទស្សនកិច្ចទីតាំងលែងសត្វព្រៃកម្រនៅក្នុងឧទ្យាជាតិអង្គរ លោក និក ម៉ាក នាយកសង្គ្រោះ និងថែរក្សាសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា «ស្រុកខ្មែរជិតអស់សត្វព្រៃ គឺមកពីអន្ទាក់ អន្ទាក់ជាមូលហេតុធ្វើឱ្យខ្លាធំ បានវត្តមាននៅស្រុកខ្មែរអីឡូវ គេចាប់មេ មានកូន គេចាប់ទាំងអស់»។

រៀបរាប់ទាំងអួលដើមកស្ទើរនឹងស្រកទឹកភ្នែក លោក និក បានឱ្យដឹងថា «នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ថ្មីៗនេះ សត្វភេមេមួយក្បាល ត្រូវបានព្រានព្រៃលួចដាក់អន្ទាក់បណ្តាលឱ្យងាប់ នៅក្នុងឧទ្យានជាតិអង្គរ។ យើងធ្លាប់ដោះលែងសត្វព្រៃ នៅក្នុងព្រៃអង្គរ ច្រើនប្រភេទ៖ សត្វទោចម្កុដ, ស្វាព្រាម, ឈ្លូស, សំពោច, ឆ្មាដាវ, សត្វកេងកង, ក្ងោក, សត្វភេ សត្វព្រៃរស់នៅក្នុងព្រៃមិនមានបញ្ហាអ្វីទេ ប៉ុន្តែ បញ្ហាគឺបណ្តាលមកពីអ្នកចាប់សត្វព្រៃ ធ្វើឱ្យអន្តរាយដល់ជីវិតសត្វព្រៃ ដែលកំពុងរស់នៅសុខសាន្តក្នុងព្រៃ»។

នាយកសង្គ្រោះ និងថែរក្សាសត្វព្រៃរូបនេះ បានគូសបញ្ជាក់ថា «ខ្ញុំសុំអ្នកទាំងអស់កុំដាក់អន្ទាក់នៅក្នុងព្រៃ និងខ្ញុំសុំរដ្ឋាភិបាលសុំធ្វើច្បាប់ខ្លាំងជាង ដើម្បីការពារសត្វព្រៃពីអន្ទាក់ ពីព្រោះបើសិនយើងអត់ធ្វើសត្វអស់រលីង»។

ជាមួយគ្នានេះដែរ លោក និក ម៉ាក បានថ្លែងថា នៅក្នុងឧទ្យានជាតិអង្គរ និងនៅតាមព្រៃដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានការពារមានក្រុមល្បាតគ្រប់កន្លែង ប៉ុន្តែ អ្នកដាក់អន្ទាក់មានវិធីសាស្ត្រដាក់លាក់ពិបាករកឃើញ ហើយមួយវិញទៀត ការដាក់អន្ទាក់នេះទៀតសោត ក្រុមព្រានព្រៃមិនដាក់តែមួយកន្លែងនោះទេ ពោលគេដាក់រាយរាប់រយកន្លែង ដើម្បីធ្វើយ៉ាងណាចាប់សត្វព្រៃឱ្យបាន។

លោក និក បានចាត់ទុកព្រៃអង្គរ ជាព្រៃដ៏ល្អសម្រាប់លែងសត្វព្រៃ ឱ្យរស់នៅព្រោះមានអាជ្ញាធរអប្សរា និងមន្ត្រីឧទ្យានុរក្សនៅចាំការពារពពួលសត្វព្រៃទាំងនេះ។ ប៉ុន្តែ សម្រាប់សត្វព្រៃដែលនាំមកលែងនៅទីនេះ ត្រូវបានរៀបចំកំណត់យ៉ាងច្បាស់ថាមិនមែនជាសត្វដែលអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនេះផងដែរ។

បើតាមលោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរអប្សរា បានឱ្យដឹងថា «គិតមកពេលនេះមានសត្វព្រៃជាង១០ប្រភេទហើយដែលយើងបានដោះលែងនៅទីនេះ សរុបទាំងកើតកូនមានចំនួនប្រមាណ៤០ក្បាល ហើយតាមរយៈគម្រោងយើងគ្រោងរកប្រភេទសត្វផ្សេងទៀតដែរ ដើម្បីលែងនៅទីនេះ (ឧទ្យានជាតិអង្គរ)»។

លោកបានបន្តថា ដោយសារតំបន់ឧទ្យាជាតិអង្គរ ជាតំបន់ទេសចរណ៍ ដូច្នេះ សម្រាប់ការជ្រើសសត្វដែលមកដោះលែង គឺត្រូវការពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាកុំសត្វព្រៃទាំងនោះបង្កដល់សុវត្ថិភាពភ្ញៀវទេសចរ។ សម្រាប់គម្រោងនេះនឹងនាំសត្វប្រើសមកលែងនៅក្នុងព្រៃអង្គរ។

​លោក ជូ រ៉ាឌីណា បានគូសបញ្ជាក់ថា៖ «តាមរយៈការដោះលែងសត្វព្រៃកម្រឱ្យមានវត្តមាននៅក្នុងឧទ្យានជាតិអង្គរនេះ បានធ្វើឱ្យឧទ្យានជាតិអង្គរ មិនត្រឹមតែជាកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែ ថែមទាំងបង្កើតឱ្យមានទេសចរណ៍បែបធម្មជាតិមួយទៀត តាមរយៈការទស្សនាព្រៃ និងសត្វព្រៃកម្រ និងជិតផុតពូជដែលបាននាំមកលែងនៅទីនេះ»។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការបង្កើតវត្តមានសត្វព្រៃនៅតំបន់ឧទ្យានជាតិអង្គរនេះ គឺជាផ្នែកមួយនៃការបង្កើនរបាយសត្វព្រៃនៅតំបន់ព្រៃរបស់កម្ពុជា។ សម្រាប់ការបង្កើនចំនួនសត្វព្រៃនៅតំបន់ឧទ្យានជាតិអង្គរនេះ ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញដែលអាចផ្តល់ឱកាសសម្រាប់គិតគូរលើការងារអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា សម្រាប់តំបន់អង្គរនេះ ត្រូវបានចាត់ទុកថាជាតំបន់ដែលមានសុវត្ថិភាពខ្ពស់ចំពោះសត្វព្រៃ ដោយសារតែមានការគ្រប់គ្រង និងអភិរក្សណពីសំណាក់អាជ្ញាធរជាតិអប្សរា និងកម្លាំងមន្ត្រីឧទ្យានុរក្ស ដែលបានឈរជើងការពារនៅតំបន់ឧទ្យានជាតិអង្គរ ដូច្នេះ ទើបអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអាជ្ញាធរជាតិអប្សរា សហការគ្នាក្នុងការលែងសត្វព្រៃមួយចំនួន៕