(តូក្យូ, ជប៉ុន)៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងក្នុងពិធីបើក សប្តាហ៍ធុរកិច្ចអាស៊ាន-ជប៉ុន (ASEAN-Japan Business Week-AJBW) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅក្នុងកិច្ចប្រជុំនោះ អគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈអំពីវិធីដែលវិស័យឯកជន អាចឆក់យកឱកាសពីសក្តានុពលសេដ្ឋកិច្ចយ៉ាងធំ នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន។

ដោយឡែកនៅព្រឹកថ្ងៃ ក្នុងឱកាសអញ្ជើញចូលរួមសប្តាហ៍ធុរកិច្ចអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ លោកបណ្ឌិត កៅ គឹមហួន ក៏បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Hayashi Yoshimasa  រដ្ឋមន្ត្រីការបរទេសជប៉ុន។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដោយសារឆ្នាំនេះជាខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន រួមទាំង ការត្រៀមរៀបចំកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ២០២៣នេះ នៅប្រទេសជប៉ុន។

នៅរសៀលថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ លោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ រៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) សម្រាប់មន្ត្រីជាន់ខ្ពស់ដែលចូលរួមសប្តាហ៍ធុរកិច្ចអាស៊ាន-ជប៉ុន។

អ្នកដែលបានអញ្ជើញចូលរួមក្នុងអាហារថ្ងៃត្រង់រួមមាន៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន លោក Alfredo E. Pascual, អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនលោក Hirohide Hirai ប្រធានសភាពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Arsjad Rasjid និងប្រធាន ERIA លោក Hidetoshi Nishimura  និងលោក Tetsuya Watanabe បេក្ខភាពប្រធាន ERIA នាពេលខាងមុខ។

ដោយឡែកនៅរសៀលថ្ងៃចន្ទនេះ លោកបណ្ឌិត កៅ គឹមហួន ក៏បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។  នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ជប៉ុន កិច្ចសហប្រតិបត្តិការផ្នែកថាមពល ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងបញ្ហាផ្សេងៗទៀត។

នៅរសៀលថ្ងៃចន្ទនេះដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Tokura Masakazu ប្រធានសហព័ន្ធធុរកិច្ចជប៉ុន Keidanren។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើវិស័យកិច្ចសហប្រតិបត្តិការនានា ដើម្បីអបអរសាទរខួប ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហានានា ពាក់ព័ន្ធនឹងការផ្លាស់ប្តូរបែបឌីជីថល សេដ្ឋកិច្ចចក្រា និងការតភ្ជាប់ច្រវាក់ផ្គត់ផ្គង់ជាដើម៕