(ភ្នំពេញ)៖ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិ (FFI) ការសិក្សាស្រាវជ្រាវជីវៈចម្រុះរហ័សក្នុងតំបន់របៀងអភិរក្សជីវៈចម្រុះជាប់នឹងឧទ្យានជាតិវីរៈជ័យ ក្នុងខេត្តរតនគិរី ត្រូវបានធ្វើឡើង។ ប្រភេទសត្វព្រៃជាច្រើនប្រភេទត្រូវបានថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។

កាលខែមីនា ឆ្នាំ២០២៣ ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ២៧គ្រឿង ត្រូវបានដាក់ពង្រាយក្នុងតំបន់របៀងអភិរក្សជីវចម្រុះដោយក្រុមមន្ត្រីជំនាញមកពីអង្គការសត្វព្រៃ និងរុក្ខជាតិ និងក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី និងសហគមន៍មូលដ្ឋាន ដោយទុកថតនៅក្នុងព្រៃអស់រយៈពេល ០២ខែ។

សត្វព្រៃចំនួន ៣៤ប្រភេទត្រូវបានថតបាន ដែលក្នុងនោះមាន០៨ប្រភេទ ត្រូវបានកំណត់ជាប្រភេទរងការគំរាមកំហែង ក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ( មាន០៥ប្រភេទជាប្រភេទងាយរងគ្រោះ ០២ប្រភេទជាប្រភេទកំពុងជិតផុតពូជ និងចំនួន០១ ប្រភេទជិតផុតពូជបំផុត) ហើយមាន០២ប្រភេទទៀត ជាប្រភេទជិតរងការគំរាមកំហែងផងដែរ។ នេះបើយោងតាមទំព័រ Facebook ផ្លូវលការរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

របកគំហើញសំខាន់ៗទាំងនេះរួមមានការថតជាប់រូបភាពសត្វខ្លាឃ្មុំធំ សត្វកែះ សត្វក្ងោក សត្វស្វាកន្ទុយស ហើយក៏ថតជាប់សត្វខ្លាភ្ញីថ្មកែវមួយក្បាលដែលឃើញមានកូនផងដែរ។

លទ្ធផលដ៏គួរឱ្យរំភើបទាំងនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយជាព័ត័មានដល់ការពិភាក្សាជុំវិញការកំណត់ និងចែងចែកតំបន់គ្រប់គ្រងនៃឧទ្យានជាតិវីរៈជ័យ និងរបៀងអភិរក្សជីវចម្រុះ ក្នុងខែមិថុនា ខាងមុខនេះ ដើម្បីធានាថាសត្វព្រៃសំខាន់ៗទាំងនេះត្រូវបានការពារ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការទាំងអស់ សហគមន៍មូលដ្ឋាន និងម្ចាស់ជំនួយមូលនិធិ Darwin Initiative/DERFA ដែលគាំទ្រលើការសិក្សានេះ៕