(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យ​សភា​ភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី។

វត្តមានរបស់សម្តេចតេជោ សម្រាប់កម្មវិធីទាំងពីរនាថ្ងៃស្អែកនេះ ជាការបង្ហាញអំពីការ​យក​ចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី លើការបណ្តុះបណ្តាល និងការ​ពង្រឹង​សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដែលជាផ្នែកមួយនៃការងារ​កែ​ទម្រង់​វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា នៅមុនឆ្នាំ២០០២ កម្ពុជាពុំមាន​សាលា​បណ្តុះបណ្តាលវិជ្ជាជីវៈតុលាការនោះទេ។ នៅពេលនោះ ចៅក្រម, ព្រះរាជ​អា​ជ្ញា និងក្រឡាបញ្ជី ត្រូវបានជ្រើសចេញពីធនធានមនុស្ស​ដែលនៅរស់រាន​មានជីវិតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត រួចបញ្ជូនទៅបណ្តុះបណ្តាលនៅក្រៅប្រទេស ឬ​បំពាក់​បំប៉នជំនាញរយៈពេលខ្លី មុននឹងត្រូវជ្រើសឱ្យចូលបំពេញការងារនៅ​តាមសាលា​ជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីនានា។

ដោយមានជំនួយកិច្ចសហប្រតិបត្តិការពីប្រទេសបារាំង ក្រោមកម្មវិធី «ការគាំទ្រ​នីតិ​រដ្ឋ» ការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ បានចាប់ផ្តើមដំបូងនៅឆ្នាំ២០០២ តាមរយៈ​ការ​បង្កើតឱ្យមានជា «សាលាភូមិន្ទចៅក្រម» ដោយអនុក្រឹត្យចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០០២។ បន្ទាប់មកនៅឆ្នាំ២០០៥ ក្នុងក្របខណ្ឌកំណែទម្រង់ច្បាប់ និងប្រព័ន្ធ​យុត្តិ​ធម៌ របស់រាជរដ្ឋាភិបាល សាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកតុលាការនេះ ក៏បានអភិ​វឌ្ឍ​ខ្លួនទៅជា «រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ»។ ចុងក្រោយនេះ តាមរយៈព្រះរាជ​ក្រឹត្យលេខ នស/រកត/០៣២៣/៥២០ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ «រាជបណ្ឌិត​សភាវិជ្ជាជីវៈតុលាការ» ត្រូវបានប្តូរឈ្មោះមកជា «បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា» ដែលជាផ្នែកមួយនៃការកែទម្រង់ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកច្បាប់ និងតុលាការ​របស់​កម្ពុជា។

ការផ្លាស់ប្តូរសំដៅ៖ ទី១) ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម ព្រះ​រាជ​អាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី, ទី២) ពង្រីក​សក្តានុពល​ភាព​ នៃ​ស្ថា​ប័ន​នេះ ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេសរបស់​មន្ត្រីកាន់ការងារ​ច្បាប់​ផ្សេងទៀត ក្នុងវិស័យយុត្តិធម៌ ជាពិសេសមន្ត្រីក្រសួងយុត្តិធម៌ មន្ត្រីរបស់អង្គភាព​រដ្ឋ​បាលតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត និង ទី៣) លើកកម្ពស់សមត្ថភាព​ផ្នែក​សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយនូវស្នាដៃផ្សេងៗ ដែលជាឧត្តមប្រយោជន៍​ដល់វិស័យ​ច្បាប់ និងយុត្តិធម៌នៅកម្ពុជា។

ដើម្បីអនុវត្តបេសកកម្មបន្ថែមថ្មីនេះ «សាលាច្បាប់ (Law School)» មួយត្រូវបាន​បង្កើតឡើង ជារចនាសម្ព័ន្ធថ្មីបន្ថែមចំណុះឱ្យបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

លោក កើត រិទ្ធ បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា គឺជា​គ្រឹះស្ថាន​បណ្តុះបណ្តាលសាធារណៈ ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រសួងយុត្តិ​ធម៌ និងដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយ ហើយមានរចនាសម្ព័ន្ធចំណុះ រួមមាន៖ សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា, សាលាភូមិន្ទក្រឡាបញ្ជី, សាលាភូមិន្ទ​អាជ្ញា​សាលា, សាលាភូមិន្ទសារការី, សាលាច្បាប់ និងអគ្គលេខាធិការដ្ឋាន ព្រមទាំងមាន​ក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងគរុកោសល្យមួយជាសេនាធិការ។

ដោយឡែក មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដែលជាស្ថាប័នបណ្តុះ​បណ្តាល​វិជ្ជាជីវៈមេធាវី ក្រោមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏ស្ថិតនៅក្រោមអាណា​ព្យា​បាលផ្នែករដ្ឋបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។ បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិ​ធម៌កម្ពុជា មានថ្នាក់ដឹកនាំ, មន្ត្រីរាជការ, មន្ត្រីជាប់កិច្ចសន្យា និងគ្រូបណ្តុះ​បណ្តា​ល ដែលកំពុងបម្រើការងារសរុបចំនួន ១២១នាក់ (នារី ២៦ នាក់) ក្នុងនោះ គ្រូ​បណ្តុះ​បណ្តាលមានចំនួន ៥០នាក់ (នារី ៩នាក់) ដែលសុទ្ធសឹងជាឥស្សរជន ដែល​ជាចៅ​ក្រម ជាព្រះរាជអាជ្ញា និងជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ ដែលមានចំណេះដឹង និងបទ​ពិសោ​ធ​ន៍​ខ្ពស់ក្នុងវិស័យច្បាប់ និងយុត្តិធម៌។

ជាលទ្ធផលការងារ គិតចាប់ពីឆ្នាំ២០០២ រហូតមកទល់បច្ចុប្បន្ននេះ បណ្ឌិត្យសភា​ភូមិន្ទយុត្តិធម៌កម្ពុជា ផលិតបានធនធានជាចៅក្រម, ព្រះរាជអាជ្ញា, ក្រឡាបញ្ជី, អាជ្ញា​សាលា និងសារការី សរុបចំនួន ១,៩៤៣នាក់ (នារី ៤៤៥ នាក់ និងមានជនពិការចំនួន ៣នាក់) ក្នុងនោះរួមមាន៖
- សិស្សចៅក្រមជំនាន់ទី១ ដល់ជំនាន់ទី៩ សរុបចំនួន ៥១០ នាក់ (នារី ៩២ នាក់, និងពិការដៃ ១នាក់)
- សិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី១ ចំនួន ៣២នាក់ (នារី ៥ នាក់ និងពិការជើង ១ នាក់)
- សិស្សក្រឡាបញ្ជីជំនាន់ទី១ ដល់ជំនាន់ទី៧ សរុបចំនួន ៦៥៤ នាក់ (នារី ១៨១ នាក់)
- សិស្សក្រឡាបញ្ជីផ្ទៃក្នុងជំនាន់ទី១ ដល់ជំនាន់ទី៣ សរុបចំនួន ៦៦ នាក់ (នារី ២៤ នាក់)
- សិស្សមន្ត្រីសុក្រឹតការក្រឡាបញ្ជីជំនាន់ទី១ ដល់ជំនាន់ទី៨ សរុបចំនួន ៦១៦នាក់ (នារី ១២៧ នាក់)
- សិស្សអាជ្ញាសាលាជំនាន់ទី១ ចំនួន ២៨ នាក់ (នារី ២នាក់)
- សិស្សសារការីជំនាន់ទី១ និងជំនាន់ទី២ សរុបចំនួន ៣៧ នាក់ (នារី ១៤ នាក់ និង​ពិការ​ជើង ១នាក់)។

ដោយឡែក សិស្សវិជ្ជាជីវៈទាំងអស់ ទាំងសិស្សចៅក្រម, ក្រឡាបញ្ជី, អាជ្ញាសាលា និង​សារការី ដែលកំពុងសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានចំនួនសរុប ២៧០នាក់ (នារី ៨៧នាក់)។

ក្នុងចំណោមសិស្សវិជ្ជាជីវៈទាំង ១,៩៤៣នាក់ ដែលបានបញ្ចប់ការសិក្សានាពេល​កន្លង​មក មានតែសិស្សចៅក្រមជំនាន់ទី១ ចំនួន ៥៥នាក់ (នារី ៦នាក់) និងសិស្ស​មន្ត្រី​សុក្រឹត​ការក្រឡាបញ្ជីជំនាន់ទី១ ចំនួន ៥៣នាក់ (នារី ៧ នាក់) ប៉ុណ្ណោះ ដែលបាន​ទទួល​សញ្ញាបត្ររួច។

សម្រាប់ពិធីប្រគល់សញ្ញាបត្រដែលត្រូវរៀបចំឡើងក្រោមអធិបតីភាពរបស់ សម្តេច​តេជោ​​​នាយករដ្ឋមន្ត្រី គឺជាការប្រគល់សញ្ញាបត្រជាផ្លូវការជាលើកទី២ ដល់សិស្ស​វិជ្ជា​ជីវៈទាំងអស់ ចំនួន ១,៨៣៥នាក់ (នារី ៤៣២នាក់) ដែលបានបញ្ចប់ការ​សិក្សា​ដោយ​ជោគជ័យតាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០២២។

បច្ចុប្បន្នសិស្សវិជ្ជាជីវៈទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ទាំងសិស្ស​ចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី បាននិងកំពុង​បំពេញ​មុខងារជាចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងជាអាជ្ញាសាលា នៅតាមសាលា​ជម្រះ​ក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងជាសារការីនៅតាម​មន្ទីរសារ​ការី​នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមួយចំនួន កំពុងបំពេញការងារ​រដ្ឋ​បាលសា​ធារណៈផងដែរ។

លោក កើត រិទ្ធ បានឱ្យដឹងទៀតថា ទន្ទឹមនឹងការបណ្តុះបណ្តាលដំបូង, បណ្ឌិត្យសភា​ភូមិន្ទយុត្តិធម៌កម្ពុជា ក៏បានអនុវត្តផងដែរ​នូវកម្មវិធី បណ្តុះបណ្តាលបន្តដល់ចៅក្រម, ព្រះរាជអាជ្ញា, ក្រឡាបញ្ជី, អាជ្ញាសាលា និងសារការី ព្រមទាំងមន្ត្រីអនុវត្តច្បាប់​ផ្សេង​ទៀត តាមរយៈកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី, សិក្ខាសាលា និងបទបឋកថានានា សំដៅបន្តពង្រឹង និងលើកកម្ពស់ជាប់ជាប្រចាំ នូវសមត្ថភាពនៃមន្រ្តីវិជ្ជាជីវៈច្បាប់ និង​តុលាការ ឱ្យឆ្លើយតបបានទៅនឹងការវិវត្តរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ និង​វិស័យច្បាប់។ ទន្ទឹមនេះ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក៏បាននិងកំពុងធ្វើការកែ​ទម្រង់​ផ្ទៃក្នុងរបស់ខ្លួន ទាំងលើយន្តការដឹកនាំ ទាំងលើកម្មវិធីសិក្សារបស់​សាលាវិជ្ជាជីវៈ​នី​មួយៗ ទាំងលើការលើកកម្ពស់សមត្ថភាពរបស់គ្រូបង្គោលផ្នែកព្រហ្មទណ្ឌ និងផ្នែក​រដ្ឋ​ប្បវេណី ព្រមទាំងគ្រូបង្គោលពាក់ព័ន្ធជំនាញពិសេសផ្សេងៗទៀត។

បច្ចុប្បន្ន ប្រទេស​ជប៉ុន តាមរយៈអង្គការ JICA បាននិងកំពុងជួយបណ្ឌិត្យ​សភាភូមិន្ទ​យុត្តិធម៌កម្ពុជាក្នុងការបណ្តុះបណ្តាលគ្រូបង្រ្គោលផ្នែករដ្ឋប្បវេណី, ហើយខាងសាលា កំពុងស្វែងរកដៃគូសហការបន្ថែមទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ សំដៅលើក​កម្ពស់​សមត្ថភាពនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំ​ការ​បណ្តុះបណ្តាលវិជ្ជាជីវៈច្បាប់ និងតុលាការ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

កន្លង​មក ក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក៏ទទួល​បាននូវកិច្ចសហប្រតិបត្តិការពីដៃគូមួយចំនួន រួមមាន៖ បារាំង, ជប៉ុន, អង់គ្លេស, សហរដ្ឋអាមេរិក, សាធារណរដ្ឋកូរ៉េ, អាល្លឺម៉ង់, អូស្ត្រាលី, ស៊ុយអែត, ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន JICA, កម្មវិធីអូស្ត្រាលី-អាស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស (AAPTIP), អង្គការបេសកកម្មអន្តរជាតិ IJM, កម្មវិធីអាស៊ាន-អូស្ត្រាលីដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស (ASEAN-ACT) និងធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាដើម។

ពាក់ព័ន្ធនឹងទីកន្លែងបម្រើការងាររបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាវិញ លោករដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ដំបូងឡើយនៅឆ្នាំ២០០២ បណ្ឌិត្យសភាភូមិន្ទយុត្តិ​ធម៌​កម្ពុជាមានកន្លែងបម្រើការងារតូចចង្អៀត ដោយមានតែ ៧បន្ទប់ប៉ុណ្ណោះ ហើយជា​ផ្នែកមួយនៃអគាររបស់សាលាភូមិន្ទរដ្ឋបាលសម្រាប់ប្រើប្រាស់ទាំងលើមុខងាររដ្ឋបាល ទាំងលើមុខងារបណ្តុះបណ្តាល។

រហូតដល់ឆ្នាំ២០០៥ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន, បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌កម្ពុជា ទទួលបានអគារថ្មី ១ខ្នង កម្ពស់ ៤ជាន់ នៅក្នុងទីតាំងជាមួយ​សាលា​ភូមិន្ទរដ្ឋបាល, មានបន្ទប់ការិយាល័យចំនួន ២០បន្ទប់, បន្ទប់សិក្សាចំនួន ៥បន្ទប់, សាលប្រជុំចំនួន១ និងសាលសហសិក្សាចំនួន១។

ក្រោមជំនួយរបស់អង្គការសហប្រតិបត្តិការអាល្លឺម៉ង់, អគារអន្តេវាសិកដ្ឋាន ១ខ្នង មាន ១០បន្ទប់ សម្រាប់សិស្សចៅក្រមជានារីមកពីជនបទស្នាក់នៅ និងមានបន្ទប់ប្រជុំ ១ និងបណ្ណាល័យចំនួន១ ត្រូវបានសាងសង់ឡើង។

បច្ចុប្បន្នទីតាំងរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ត្រូវបានផ្លាស់ប្តូរមកទីតាំងថ្មី ដែលមានអគារដ៏ធំចំនួន ២ខ្នង លើផ្ទៃដីជាង ២ហិកតា ដែលត្រូវសម្ពោធដាក់​ឱ្យប្រើ​ប្រាស់​ជាផ្លូវការនាពេលនេះ។

អគារថ្មីទាំង២នេះ រួមមាន៖ អគារទី១ មានឈ្មោះថា «អគាររដ្ឋបាលពហុ​បំណង​នៃ​វិស័យយុត្តិធម៌» និងអគារទី២ មានឈ្មោះថា «បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា»។ អគារទី១ នេះ មានទំហំ ៦០ម x ៣០ម, មានកម្ពស់ ៣ជាន់ និង មានផ្ទៃ​ក្រឡា​សរុប​ចំនួន ៤,៩៤៦ ម៉ែត្រក្រឡា មានមុខងារប្រើប្រាស់ជាទីតាំង​រដ្ឋបាលរបស់បណ្ឌិត្យ​សភា​ភូមិន្ទយុត្តិធម៌កម្ពុជា និងយន្តការមួយចំនួនក្នុងវិស័យយុត្តិធម៌ ជាអាទិ៍ ក្រុមប្រឹក្សា​នីតិ​កម្ម និងយុត្តិធម៌, ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាដើម។

ចំណែកឯអគារទី២ មានទំហំ ៥២ម x ៤០ម, មានកម្ពស់ ៣ជាន់ និងមានផ្ទៃក្រឡា​សរុបចំនួន ៥,៧១៦ម៉ែត្រក្រឡា និងមានមុខងារប្រើប្រាស់ជាទីកន្លែង​បណ្តុះបណ្តាល​របស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងរបស់មជ្ឈមណ្ឌលបណ្តុះ​បណ្តាលវិជ្ជាជីវៈ​មេធាវី របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ការសាងសង់អគារទាំង ២ខ្នងនេះ បានប្រើរយៈពេល ១ឆ្នាំ ៦ខែ និង ២៧ថ្ងៃ និងបាន​ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ៤.៩១លានដុល្លារអាមេរិក។ អគារថ្មីចំនួន ២ខ្នង ដ៏ធំ​ស្កឹមស្កៃនេះ គឺជាសមិទ្ធផលថ្មីក្នុងវិស័យយុត្តិធម៌ ដែលលេចឡើងក្រោមម្លប់​សន្តិ​ភាព និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕