(ភ្នំពេញ)៖ លោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP ព្រមទាំងបុត្រ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ បាននាំយកថវិកា ចំនួន ៩៩៩,៩៩៩ដុល្លារអាមេរិក ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ជាមហាសេដ្ឋីមួយរូបនៅកម្ពុជា ដោយកន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។

កន្លងមក អ្នកឧកញ៉ា គិត ម៉េង និងគ្រួសារ ក៏បានចូលរួមឧបត្ថម្ភថវិកាជួយដល់រាជរដ្ឋាភិបាលយ៉ាងច្រើន ដូចជាចូលរួមបរិច្ចាគថវិកាដល់ការទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ, ជួយចូលរួមឧបត្ថម្ភថវិកាដល់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩, ចូលរួមឧបត្ថម្ភថវិកាទិញមន្ទីរពេទ្យនគរទេព, ជួយបរិច្ចាគដី១កន្លែង តម្លៃជាង៨លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា, ជួយបរិច្ចាគថវិកាដល់ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត, បរិច្ចាគថវិកាដល់ក្រុមគ្រូពេទ្យធីតា (TYDA), ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប, ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារនៅខេត្តព្រះសីហនុ, បរិច្ចាគថវិកាដល់មូលនិធិត្រីចក្រយានកម្ពុជា, ជួយថវិកាដល់សមាគមន៍ស៊ីក្លូ, ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងចូលរួមជួយជាថវិកាដល់កម្មវិធីផ្សេងៗជាច្រើនទៀត។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ​ ម៉ៅ​ ចំណាន ព្រមទាំងបុត្រ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ននេះ ។

លោកជំទាវកិត្ដិបណ្ឌិត បានគូសបញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ តែងតែសកម្មចូលរួមឧបត្ថម្ភគំាទ្រដល់កាកបាទក្រហមកម្ពុជារហូតមក ហើយសម្រាប់ឆ្នាំ២០២៣នេះ គឺជាលើកទី២៨ ហើយ បើសរុបថរិកា ចំនួន ២,៨៧៨,០០០ដុល្លារអាមេរិក អង្គរចំនួន ២០០តោន និងរថយន្ដចំនួន ២គ្រឿង។

ទន្ទឹមនឹងនោះ លោកជំទាវកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ក៏បានកោតសរសើរពីទឹកចិត្ដសប្បុរស របស់អ្នកឧកញ៉ា ដែលបានចូលរួមគ្រប់សកម្មភាពមនុស្សធម៌ ជួយប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុត ព្រមទាំងការជួយសង្គម និងអភិវឌ្ឍជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងរឹងមាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។

លោកជំទាវកិត្តិបណ្ឌិត ក៏បានជូនពរដល់ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ​ ម៉ៅ​ ចំណាន ព្រមទាំងបុត្រ ក៏ដូចជាថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕