(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកំពុងសហការរៀបចំគោលនយោបាយជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានចំនួនសរុប្រមាណ១.៥លាននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។

ការលើកឡើងដូច្នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ចាស្ទីន ខេវីន វ្យ៉ាត់ (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួង/ស្ថាប័នជាសេនាធិការផ្សេងទៀតរួមសហការរៀបចំគោលនយោបាយជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានចំនួនសរុប្រមាណ១.៥លាននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ប្រសិនបើការងារនេះជោគជ័យទៅបាន នឹងជួយកាត់បន្ថយគម្លាតរវាងកម្លាំងពលកម្មដែលមានជំនាញ ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់យុវជនក្រីក្រទាំងនោះឱ្យកាន់តែប្រសើរជាងមុន»

ភាគីទាំងពីរក៏បានលើកឡើងពីការផ្ដល់អាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលីដល់និស្សិតកម្ពុជា ខណៈលោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីលើការជួយផ្តល់អាហារូបករណ៍នេះដល់យុវជនកម្ពុជាផងដែរ៕