(ភ្នំពេញ)៖ គណៈប្រតិភូទីក្រុងហុងហឺ នៃខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បង្ហាញគោលបំណងចង់ផ្លាស់ប្តូរទំនាក់ទំនងសេដ្ឋកិច្ចរវាងក្រុងហុងហឺ និងរាជធានីភ្នំពេញ ឲ្យកាន់តែរីកចម្រើន ជាមួយនិងការបង្កើនវិស័យទេសចរណ៍ កាន់តែច្រើន ដើម្បីធ្វើឲ្យសេដ្ឋកិច្ចប្រទេសទាំង២កាន់តែរីកចម្រើនមួយកម្រិតថែមទៀត។

ការបង្ហាញជំហរបែបនេះ បានធ្វើឡើង នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ ខណៈគណៈប្រតិភូទីក្រុងហុងហឺ ដឹកនាំដោយលោកស្រី លូ ភីង អភិបាលនៃរដ្ឋាភិបាលប្រជាជនទីក្រុងហុងហឺ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ជួបពិភាក្សាការងារជាមួយជាមួយលោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

លោកស្រី លូ ភីង បានលើកឡើងថា គោលបំណងដែលលោកស្រី ជួបពិភាក្សាការងារជាមួយជាមួយលោក ឃួង ស្រេង នេះ គឺចង់ផ្លាស់ប្តូរសេដ្ឋកិច្ចនៃទីក្រុងទាំង២ ឲ្យកាន់តែប្រសើរឡើង។ ទីក្រុងហុងហឺ និងនៅកម្ពុជា មានផលិតផល ក្នុងស្រុកប្រហាក់ប្រហែលគ្នា ដែលទាមទារឲ្យមានកិច្ចសហការកាន់តែល្អថែមទៀត ពិសេសទៅវិស័យកសិកម្ម និងទេសចរណ៍។

លោកស្រីបញ្ជាក់ថា កសិផលដែលប្រទេសកម្ពុជាមាន និងត្រូវប៉ាន់នៅប្រទេសចិននោះ គឺទុរ៉េន មៀន និងចេក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រីក៏ចង់នាំកសិផល នៅប្រទេសចិន ដែលមានបន្លែផ្លែឈើ ចូលមកកម្ពុជាផងដែរ។ បន្ថែមពីនេះ ដោយមើលឃើញថា នៅកម្ពុជាមានតំបន់ទេសចរណ៍ច្រើន លោកស្រី និងជួយផ្សព្វផ្សាយ ដើម្បីអោយពលរដ្ឋចិន ពិសេសពលរដ្ឋនៅទីក្រុងហុង ហឺ មកលេងនៅប្រទេសកម្ពុជាអោយកាន់តែច្រើនឡើង។ ជាមួយគ្នានោះ លោកស្រី លូ ភីង ក៏បានអញ្ជើញ ប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចនៅទីក្រុងហុងហឺផងដែរ បើមានពេលវេលាគ្រប់គ្រាន់ណាមួយ។

លោក ឃួង ស្រេង ក្នុងឱកាសនោះបានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួននៅរាជធានីភ្នំពេញ ពិសេស ការរាតត្បាតជំងឺកូវីដ១៩ ប៉ុន្ដែក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាអាចទប់ស្កាត់ជំងឺនេះបាន និងបានបើកសេដ្ឋកិច្ចប្រទេសឲ្យដំណើរការជាប្រក្រតីឡើងវិញថែមទៀត។

លោក ឃួង ស្រេង បានបន្តទៀតថា លោកចង់ឲ្យប្រជាពលរដ្ឋនៅទីក្រុងហុង ហឺនៃខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន មកទេសចរណ៍នៅកម្ពុជា ឲ្យបានច្រើន ដោយកម្ពុជាមានតំបន់ទេសចរណ៍ច្រើន មានប្រាសាទបុរាណ នៅតាមខេត្ត ពិសេសនៅខេត្តសៀមរាប ហើយនៅរាជធានីភ្នំពេញ ក៏ជាតំបន់ដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរ ព្រោះជាទីក្រុងដែលមានវ័យចំណាស់ និងជាទីក្រុងដែលស្ថិតនៅចំមុខទន្លេមុខបួនថែមទៀត។

ចំពោះការលើកឡើងរបស់លោកស្រី ពាក់ព័ន្ធនឹងការបង្កើនសេដ្ឋកិច្ច នៃទីក្រុងនៃប្រទេសទាំងពីរ លោក ឃួង ស្រេង នឹងជំរុញឲ្យការនាំចេញ ធុរ៉េន មៀន និងចេកទៅកាន់ប្រទេសចិនឲ្យកាន់តែច្រើន ជាមួយនឹងការជំនុញឲ្យមន្ទីរពាក់ព័ន្ធ ធ្វើទំនាក់ទំនងជាមួយនឹងក្រុមការងារប្រតិភូរបស់ទីក្រុងហុងហ៊ឺ ដើម្បីសហការជំរុញវិស័យខាងលើនេះឲ្យដំណើរការឲ្យកាន់តែល្អ៕