(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ បណ្តាញចលនាស្ត្រីខណ្ឌជ្រោយចង្វារ បានចូលរួមជាមួយលោកស្រី អ៊ួង សុផល្លា ភរិយាលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានទី១ក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ ដែលបានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ មានជំងឺ និងមានជីវភាពខ្វះខាត ចំនួន ៣០គ្រួសារ ស្ថិតក្នុងភូមិរនះ កោះដាច់ និងក្បាលកោះ សង្កាត់កោះដាច់។

ក្នុងនោះ បាននាំយកអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគ និងថវិកាចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ករ០១បាវ ស្មើនឹង២៥គីឡូ, មី០១កេស, ទឹកត្រី ០១យួរ, ទឹកស៉ីអ៉ីវ០១យួរ, ត្រីខ០១យួរ, ក្រមា០១, សារុង០១ និងថវិកា ៥០,០០០រៀល។

ក្នុងឱកាសនោះលោកស្រី អ៊ួង សុផល្លា ក៏បានឧបត្ថម្ភជនពិការមួយនាក់នូវថវិកាចំនួន១០០,០០០រៀល និងក្រុមការងារចំនួន ៣៥០,០០០រៀលផងដែរ ដែលជាថវិការបស់សម្តេចតេជោ។

អំណោយទាំងអស់នេះ រួមមាន អង្ករចំនួន ៣០ការុង ស្មើនឹង៧៥០គីឡូក្រាម។ មី៣០កេស, ទឹកត្រី ៣០យួរ, ទឹកស៉ីអ៉ីវ ៣០យួរ, ត្រីខ៣០យួរ និងថវិកាចំនួន ១,៩៥០,០០០រៀល, ក្រមាចំនួន៣០ និងសារុងចំនួន៣០។

ថ្លែងក្នុងឱកាសនោះ លោកស្រី អ៊ួង សុផល្លា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេមិនឲ្យកូនចៅ របស់លោករស់ដោយអត់អាហារឡើយ។ លោកស្រី បានក្រើនរំលឹកដល់ពលរដ្ឋត្រូវថែរក្សាសុខភាព អនាម័យ ៣កុំ ៣ការពារ ដើម្បីជៀសឲ្យផុតពីជំងឺកូវីដ១៩ និងរួមគ្នាថែរក្សាសន្តិភាពបច្ចុប្បន្នឲ្យបានគង់វង់ដើម្បីអនាគតកូនចៅជំនាន់ក្រោយ៕