(ភ្នំពេញ)៖ ​​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អ្នកមាន និងអ្នកក្រ ត្រូវតែមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ កុំឱ្យមានពាក្យថា អ្នកមានតែងតែឈ្នះ អ្នកក្រតែងតែចាញ់ ឬអ្នកមានតែងតែត្រូវ ឬអ្នកក្រតែងតែខុស។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យ​សភា​ភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី។

«ធ្វើម៉េចកាត់ក្តីមិនលម្អៀង ហើយស្រាវជ្រាវឲ្យបានហ្មត់ចត់។ កុំឲ្យមានពាក្យគេថា អ្នកមានឈ្នះទាំងអស់ កុំឲ្យមានភាសាហ្នឹង។ ប៉ុន្តែ នរណាក៏ដោយ មានក៏ដោយក្រក៏ដោយ ត្រូវទទួលបានយុត្តិធម៌ដូចគ្នា»។ នេះបើតាមប្រសាសន៍សម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ ឲ្យអនុវត្តន៍ដោយម៉ឹងម៉ាត់ ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ ដោយមិនត្រូវលើកលែងក្រោមហេតុផលប៉ះពាល់សំឡេងឆ្នោតនោះឡើយ។

ជាមួយគ្នានេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យមានការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ ព្រោះបើចូលដល់តុលាការហើយ គឺមានតែអ្នកឈ្នះ និងចាញ់ប៉ុណ្ណោះ។ អ្នកឈ្នះថា តុលាការកាត់ក្តីយុត្តិធម៌ អ្នកចាញ់ថា តុលាការអយុត្តិធម៌។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មេធាវីមិនសប្បាយចិត្តទេ នៅពេលសម្តេចលើកទឹកចិត្តឱ្យដោះស្រាយក្រៅប្រព័ន្ធតុលាការ។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា​ ក្រសួងកំពុងរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅថ្នាក់មូលដ្ឋាន៕