(ភ្នំពេញ)៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាប និងចាប់ខ្លួនជនជាតិវៀតណាម២នាក់ ដកហូតបានថ្នាំញៀនជាង ៧គីឡូក្រាម និងសារធាតុមិនច្បាស់ជាង ៦គីឡូក្រាមទៀត។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះថា ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងជំនួញគ្រឿងញៀនឆ្លងដែន (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយលោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើស ២គោលដៅផ្សេងគ្នា ដោយគោលដៅទី១ តាមបណ្ដោយផ្លូវព្រះនរោត្តម មុខខុនដូរមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី២ ផ្ទះលេខ១៥៣ដេ ផ្លូវលេខ៣០ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ឈ្មោះ ង្វៀង វាំងឡុក ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៨៩ និង ឈ្មោះ ហា ជុងឌឹក ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៧៥ ដោយចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៧២០០ក្រាម (៧គីឡូក្រាម ២០០ក្រាម) និងសារធាតុមិនច្បាស់ ទម្ងន់ ៦៤៣៣,៧៦ក្រាម (៦គីឡូក្រាម ៤៣៣,៧៦ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី។

សូមជម្រាបថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពេលឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចូលមកដឹកនាំការងារ គឺបង្ក្រាបបានបទល្មើសគ្រឿងញៀនធំៗជាច្រើនករណីជាបន្តបន្ទាប់ ជាប់ៗគ្នា។ ជាមួយគ្នានេះឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តខ្ពស់ ក្នុងបង្ក្រាបបទល្មើសគ្រឿងដូចភ្លៀងរលឹមនៅទូទាំងប្រទេស ឱ្យដល់ឫសគល់៕