(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មការថ្នាក់ខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត បានដឹកនាំកិច្ចប្រជុំ គណៈកម្មការថ្នាក់ខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និយាយជារួមនិងនិយាយដោយឡែក គឺតំបន់ក្តៅ ក្នុងស្រុកវាលវែងផ្ទាល់តែម្តង។

កិច្ចប្រជុំនេះដែរ គឺធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទាក់ទងនឹងការទប់ស្កាត់ការកាប់ព្រៃឈើទន្ទ្រានយកដី ពីសំណាក់ជនខិលខូច ដែលលួចឆ្លៀតឱកាស ស្របពេលដែលការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ខិតជិតមកដល់។

ក្នុងកិច្ចប្រជុំនោះ លោក ខូយ រីដា ក៏បានណែនាំដល់អនុគណៈកម្មការ ដែលត្រូវចុះអនុត្តន៍ផ្ទាល់ ត្រូវដឹកនាំបញ្ជា ស្រាវជ្រាវ ក្តាប់ព័ត៌មាន ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមាន ឱ្យបានម៉ឺនម៉ាត់ ច្បាស់លាស់ និងទំនួលខុសត្រូវខ្ពស់។ ចំពោះជនល្មើសដែលប្រឆាំងនឹងប្រតិបត្តិការក្តៅនេះ ត្រូវចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ ហើយដីដែលបានទន្ទ្រាន ត្រូវដកហូត និងរៀបចំផែនទីគោលឱ្យបានច្បាស់លាស់។

ជាមួយគ្នានោះ ប្រសិនបើហួសពីសមត្ថភាព ត្រូវស្នើសុំគោលការណ៍ មកថ្នាក់ខេត្ត និងថ្នាក់ជាតិ និងរាយការណ៍ពីលទ្ធផលនៃការចុះអនុវត្តន៍ តាមការចាំបាច់៕