(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង បានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ស្កាត់ជនខិលខូច ដែលកាប់ទន្រ្ទានយកដីរដ្ឋដោយខុសច្បាប់ និងស្វែងយកមេក្លោងដែលនៅពីក្រោយខ្នង។

ការជំរុញពង្រឹងបែបនេះ បានធ្វើឡើងនៅក្នុងឱកាស លោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង ប្រចាំខែឧសភា នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នៅសាលាខេត្ត ដោយមានការចូលរួមពីថ្នាក់អភិបាលរងខេត្ត លោក មេបញ្ជាការមេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការប្រតិបត្តិការសឹករងបាត់ដំបង ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក មន្ទីរជំនាញនានា ជុំវិញខេត្ត។

ក្នុងកម្មវិធីនៃកិច្ចប្រជុំនេះដែរ មន្ទីរជំនាញបានឡើងរាយការណ៍ទៅតាមជំនាញរបស់ខ្លួន និងអំណានរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៣ របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមន្រ្តីលេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីលទ្ធផល និងសកម្មភាពដែលបានកើតមានឡើង ក្នុងខេត្តប្រចាំខែឧសភា ឆ្នាំ២០២៣កន្លងមក ដើម្បីឆ្លងរបាយការណ៍។

លោក សុខ លូ បានឯកភាពលើរបាយការណ៍របស់លេខាធិការដ្ឋាន គណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត និងសេចក្តីរាយការណ៍របស់មន្ទីរជំនាញមួយចំនួន ដែលបានលើកឡើងក្នុងកិច្ចប្រជុំ និងបានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានក្រុង ស្រុកបន្តរឹតបន្តឹងទប់ស្កាត់ការពារបញ្ហាគ្រឿងញៀន និងបទល្មើសផ្សេងៗ នៅតាមមូលដ្ឋានខ្លួនទទួលខុសត្រូវ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «យើងត្រូវចុះត្រួតពិនិត្យបន្ថែមទៀត ពីការទប់ស្កាត់ជនឆ្លៀតឱកាស បាននាំកម្លាំងរបស់ខ្លួនមកទន្រ្ទានយកដីនៅតាមតំបន់ ស្រុកដែលនៅជាប់បឹងទន្លេសាប នៃខេត្តបាត់ដំបង ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាតមិនអនុញ្ញាតឲ្យកើតមានឡើងបន្តទៀតបានឡើយ»។ លោកបានរំលឹកថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការដោះស្រាយវិវាទទំនាស់ដីធ្លី ក្រៅប្រពន្ធតុលាការកន្លងមក ជាលទ្ធផលគឺបានដោះស្រាយជោគជ័យបានជាច្រើនរឿង ខ្លះកំពុងធ្វើការដោះស្រាយ និងបន្តដោះស្រាយបន្តទៀតរហូតឲ្យអស់។

ដោយឡែក ចំពោះទីក្រុងបាត់ដំបង បាននិងកំពុងជួសជុល កែសម្រួលផ្លូវថ្នល់ លូ ជ្រាំងស្ទឹង សួនច្បារ ពិសេសវិមានឯករាជ្យថ្មី បានធ្វើដោយរួសរាន់លឿនជិតរួច ហើយសមិទ្ធផលទាំងអស់នេះ នឹងបង្ហាញរូបរាង្គដ៏ស្រស់ស្អាតនាពេលដ៏ខ្លីខាងមុខនេះ។ ចំពោះបញ្ហាជនវិបល្លាស និងញៀនថ្នាំនៅតាមដងផ្លូវ មន្ទីរសង្គមកិច្ចត្រូវសហការជាមួយអាជ្ញាធរក្រុង ស្រុក រៀបចំសម្រួលយកពួកគាត់យកទៅរក្សានៅមណ្ឌលព្យាបាលផ្សេងៗ នៅតាមក្រុង ស្រុកដែលមានស្រាប់ ដើម្បីរក្សារ សោភ័ណភាព និងសណ្តាប់ធ្នាប់ទីក្រុងផង។ លោកបានឲ្យសមត្ថកិច្វពាក់ព័ន្ធទប់ស្កាត់ពីរថយន្តដឺកធ្ងន់លើស ចំណុះបើកចូលផ្លូវក្នុងទីក្រុងជាដាច់ខាត ព្រោះអាចបង្កឲ្យមានការឆាប់ខូចផ្លូវថ្នល់៕