(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំថ្នាក់ដឹកនាំ គ្រូឧទ្ទេស មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា កម្មសិក្សាការី សិស្សមន្ត្រី និងសប្បុរសជន ដែលជាសមាជិក ស.ស.ជ.ក វិស័យមុខងារសាធារណៈ សរុបចំនួន៣៤៨អង្គ/នាក់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីទុកសម្រាប់ជួយអ្នកជំងឺ និងជនរងគ្រោះដែលត្រូវការឈាមសង្គ្រោះជីវិត។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងថា សាលាភូមិន្ទរដ្ឋបាលបានរៀបចំកម្មវិធីបែបនេះចំនួន៣លើកមកហើយ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២២ ដែលមានសប្បុរសជនស្ម័គ្រចិត្តចូលរួមសរុប៤៨៧អង្គ/នាក់។ ចំពោះកម្មវិធីលើកទី៤នេះ សប្បុរសជនបានចូលរួមចុះឈ្មោះបរិច្ចាគឈាមមានចំនួន៣៤៨ អង្គ/នាក់ (ស្ត្រី៨៦នាក់ និងព្រះសង្ឃ៦អង្គ)។

លោក យក់ ប៊ុនណា បានបន្តថា ការបរិច្ចាគឈាមអាចជួយបង្កើតនូវទម្លាប់គំរូ និងវប្បធម៌ល្អសម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការ ជាពិសេសសិស្សមន្ត្រី និងកម្មសិក្សាការីជំនាន់ក្រោយ ព្រោះវាអាចជួយធ្វើឱ្យយើងទាំងអស់គ្នាជាខ្មែរមានការផ្សារភ្ជាប់គ្នា ពោលគឺរវាងអ្នកមានសុខភាពល្អដែលយល់ព្រមផ្តល់អំណោយឈាម និងអ្នកជំងឺដែលកំពុងនៅក្នុងមាត់ជ្រោះមរណៈ។ ជាងនេះទៅទៀត ការបរិច្ចាគឈាមរបស់មន្ត្រីរាជការជូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកផ្តល់សេវាសុខាភិបាលសាធារណៈ និងអាចជួយកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលសាធារណៈឱ្យកាន់តែខ្លាំងឡើង។

លោកសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងមក កម្ពុជាត្រូវការឈាម១ប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៦នាទីម្ដង។ តម្រូវការឈាមប្រចាំថ្ងៃសរុបមានជាង២៥០ប្លោកជាមធ្យម នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានជាង១០ម៉ឺនប្លោក ដែលកើនលើសពីឆ្នាំមុនៗជិត២០% ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាលបានគ្របដណ្តប់ជាង៧០%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាមតាមរយៈសប្បុរសជនដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្តឆ្លើយតបបានប្រហែលតែ១៥%ប៉ុណ្ណោះនៃតម្រូវការក្នុងប្រទេស។ ដូច្នេះយើងនៅត្រូវការការបរិច្ចាគឈាមច្រើនទៀតពីសប្បុរសជន។

កញ្ញា រ័ត្ន សុក្រកន្ទយ៉ា ជាសិស្សមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល បានបង្ហាញចំណាប់អារម្មណ៍ថា កាលមិនទាន់ចូលរួមបរិច្ចាគឈាម កញ្ញាមានការភ័យព្រួយខ្លះដែរ ប៉ុន្តែនៅពេលបានបរិច្ចាគឈាមហើយ គឺគ្មានបញ្ហាអ្វីកើតឡើងនោះឡើយ។ កញ្ញាសង្ឃឹមថា ឈាមដែលបានបរិច្ចាគនេះនឹងបានជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

ព្រះបញ្ញានុបាល ធឹន ចន្ទត្រា ដែលបានចូលរួមបរិច្ចាគឈាមដែរនោះមានសង្ឃដីកាថា ការចូលរួមបរិច្ចាគឈាម ក៏ជាការបំពេញកុសលផលបុណ្យយ៉ាងធំធេង ព្រោះដូចជាការធ្វើទានជួយសង្គ្រោះជីវិតអ្នកដទៃ។ ការចូលរួមបរិច្ចាគឈាម ការលះបង់ជួយសង្គ្រោះជីវិតអ្នកដទៃនេះ ក៏មានរៀបរាប់ក្នុងគម្ពីរជាតកផងដែរ ដែលកាលណោះព្រះពោធិសត្វទ្រង់បានលះបង់ឆ្កៀលយកឈាមបេះដូង ដើម្បីផ្សំថ្នាំព្យាបាលមាតារបស់ខ្លួនដែលត្រូវអាសិរពិសចឹក ហើយក៏បានសន្សំនូវបារមីបុណ្យកុសល។

គួរជម្រាបថា ការបរិច្ចាគឈាមទៀតទាត់ មិនត្រឹមតែមិនធ្វើឱ្យខូចសុខភាពនោះទេ ប៉ុន្តែវាបែរជាអាចជួយផ្តល់អត្ថប្រយោជន៍សំខាន់ៗមួយចំនួនដល់សប្បុរសជនទៅវិញ ដូចជា កាត់បន្ថយជំងឺមហារីកនានា កាត់បន្ថយភាពតានតឹងក្នុងចិត្តនិងកូលេស្តេរ៉ុល កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែកដែលធ្វើឱ្យប៉ះពាល់ដល់ថ្លើម-លំពែង,ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង កាត់បន្ថយការឡើងទម្ងន់ជាដើម៕