(ភ្នំពេញ)៖ លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា នាព្រឹកថ្ងៃ៦ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូជាន់ខ្ពស់ ចូលជួបសម្ដែងការគួរសមជាមួយលោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ។

ក្នុងនាមជាប្រធាន និងតំណាងឲ្យសមាជិកសាខាទាំង ២៤ខេត្ត លោក អ៊ួង យូហាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្រៃលែងចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលតែងតែយកចិត្តទុកដាក់ដល់គ្រីស្ទបរិស័ទ ដែលជាសមាជិករបស់ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា និងលោក ញ៉ែម វ៉ាលី ចំពោះកិច្ចខិតខំសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ដល់សមាជិកទាំងអស់ ។

ក្នុងនាមក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាឱកាសនោះ លោក ញ៉ែម វ៉ាលី អនុប្រធានអចន្ត្រៃយ៍ និងជាអគ្គលេខាធិការ ក៏បានផ្តាំផ្ញើ និងណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជាទាំងអស់ សូមបន្តចូលរួមជាមួយក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍន៍ជាតិរីកចម្រើនតទៅមុខ ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជាទាំងអស់កន្លងមកបានជួយដល់សកម្មភាពចូលរួមអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលអភិវឌ្ឍន៍ មនុស្ស ផ្លូវ ភ្លើង ទឹក និងការងារជួយសង្គមមានផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ៕