(កំពង់ធំ)៖ លើកឡើងនាឱកាសចុះសួរសុខទុក្ខ និងចែកចំណោយដល់ប្រជាពលរដ្ឋ១៥គ្រួសារ នៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សាយ គឹមឡម អភិបាល ស្រុកស្ទោង បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន សូមត្រៀមខ្លួន និងឯកសារពាក់ព័ន្ធនានាដើម្បីចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

លោកបានណែនាំអាជ្ញាធរឃុំពពក ត្រូវធ្វើការយកចិត្តទុកដាក់ដល់ស្ថានភាព និងសុខុមាលភាពបងប្អូនប្រជាពលរដ្ឋរបស់ខ្លួនជាពិសេស ប្រជាពលរដ្ឋដែលងាយរកហានិភ័យ ឬកំពុងជួបនូវបញ្ហាផ្សេងៗ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមមេត្តាប្រុងប្រយ័ត្នលើបញ្ហាគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ផ្គររន្ទះ ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើសុខភាពក្នុងរដូវកាលភ្លៀងធ្លាក់ដែលជារដូវមួយសំបូរមូសនិងអាចបង្កនៅជំងឺផ្សេងៗបាន។

លើសពីនេះលោក សាយ គឹមឡម ក៏បានណែនាំដល់រដ្ឋបាលឃុំពពក ត្រូវធ្វើរបាយការណ៍និងរាយការណ៍ជាបន្ទាន់ មករដ្ឋបាលស្រុកនូវបញ្ហាឬឧបរហេតុ និងបញ្ហាទាំងឡាយដែលកើតឡើងចំពោះការប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាដើម្បីនឹងជួយដោះស្រាយ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ១៥គ្រួសារខាងលើក្នុងមួយក្រុមគ្រួសារៗទទួលបាននូវអង្គរ មី និងទឹកត្រី ផងដែរ៕