(កណ្ដាល)៖ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងណែនាំដល់អាជ្ញាធរខេត្តកណ្ដាល ជួយជម្រុញយុទ្ធនាការតាមមូលដ្ឋាន ឱ្យប្រជាពលរដ្ឋទាំងអស់ ចេះស្រលាញ់ និងថែទាំបរិស្ថានឲ្យបានខ្ជាប់ខ្ចួន ពិសេសណែនាំកុមារៗនៅតាមសាលារៀនទាំងអស់ឲ្យចេះស្រលាញ់បរិស្ថាន និងអនាម័យឲ្យបានល្អជាដើម។

លោកស្រីរដ្ឋលេខាធិការបានថ្លែងយ៉ាងដូច្នេះ នៅក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី» នៅក្នុងបរិវេណសាលាឃុំព្រះពុទ្ធ ភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹងកាលពីទី៥ ខែមិថុនា ឆ្នាំ២០២៣។

លោកស្រីរដ្ឋលេខាធិការ បានកោតសរសើរអាជ្ញាធរខេត្តកណ្ដាល ដែលកន្លងមកធ្វើការងារបានល្អ ដែលមើលឃើញពីលទ្ធផលបានល្អ ដែលសម្រេចបានជាហូរហែរមក និងសូមបន្តធ្វើឲ្យបានកាន់តែល្អឡើងៗ។

សូមជម្រាបថា កម្មវិធីក៏មានវត្តមានចូលរួមផងដែរពីលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខត្តកណ្តាល លោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការនៃកងកម្លាំងទាំងបីរបស់ខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង អភិបាល អភិបាលរងស្រុកកណ្តាលស្ទឹង មន្ត្រីរាជការ កងកម្លាំងទាំងបី តំណាងគម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ ក្រុមប្រឹក្សាឃុំ ភូមិ ប្រជាការពារភូមិ សសយក សិស្សកាយរឹទ្ធ សិស្សកាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រះពុទ្ធ សិប្បករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៤០០នាក់ ស្រី១៩០នាក់៕