(បាត់ដំបង)៖ តាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបង្ហាញថា គិតត្រឹមរយៈពេល៥ខែ ដើមឆ្នាំ២០២៣ ខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់បណ្តាលឲ្យខូចខាត ផ្ទះសំបែងរបស់ប្រជាពលរដ្ឋសរុប ២,២០៨ខ្នង ក្នុងនោះរន្ទះបាញ់ស្លាប់មនុស្ស៦នាក់ របួស១១នាក់ និងងាប់គោមួយចំនួន ព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀត។

ខ្យល់កន្រ្តាក់នេះបានធ្វើឲ្យប៉ះពាល់ក្នុងឃុំសង្កាត់ចំនួន៩៦ និង៤១១ភូមិ លើកក្រុងស្រុកទាំង១៤ នៃខេត្តបាត់ដំបង។ គ្រួសាររងគ្រោះនីមួយៗ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ចំនួន៩៥២គ្រួសារ និងជ្ញាធរមូលដ្ឋាន ក្រុមការងារចុះមូលដ្ឋានក្រុង ស្រុកទាំង១៤ ចំនួន៩៧៤គ្រួសារទៀតផងដែរ។

លោក សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទល្រហមកម្ពុជាខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ថា ពេលនេះជារដូវវស្សាបានចូលមកដល់ហើយមានភ្លៀងធ្លាក់គ្រប់កន្លែង លាយឡំផ្គររន្ទះ ខ្យល់កន្រ្តាក់ ជាច្រើន ដូច្នេះសូមបងប្អូនប្រជាពលយើងមានការប្រុងប្រយ័ត្នខ្ពស់ឲ្យបានគ្រប់គ្នា ពេលជិតភ្លៀងម្តងៗ ត្រូវឆាប់រត់រកទីសុវត្តិភាពសិន ចាំបាច់ បិទទូរស័ព្ទដៃ វិទ្យុ កុំនៅជិតវត្ថុអ្វីដែលជាសារធាតុដែក និងនៅក្រោមដើមឈើឲ្យសោះយើងត្រូវប្រយ័ត្ន ចៀសវាងបង្ការ ខ្លាចមានគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ៕