(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់ការផ្សព្វផ្សាយអំពីការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅប្រទេសអូស្ត្រាលី។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលព័ត៌មានថា មានជនខិលខូចមួយចំនួនបានធ្វើសកម្មភាពផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីប្រជាពលរដ្ឋ ដោយធានាអះអាងថា អាចបញ្ចូនទៅធ្វើការនៅប្រទេសអូស្ត្រាលីបាន។

ក្រសួងសូមបញ្ជាក់ថា មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីពុំមានកិច្ចសហប្រតិបត្តិការលើការបញ្ចូនពលករ កម្ពុជាទៅធ្វើការនៅប្រទេសអូស្ត្រាលីឡើយ។ ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយអំពីការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅប្រទេសអូស្ត្រាលី។

ទន្ទឹមនេះ យោងតាមអនុក្រឹត្យលេខ១៩០អនក្រ.បក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រង លើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន រាល់ការបញ្ជូនពលករទៅធ្វើ ការនៅបរទេស ត្រូវមានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងន័យនេះ ការបញ្ចូនពលករ ទៅធ្វើការនៅប្រទេសដែលគ្មានកិច្ចប្រតិបត្តិការលើការបញ្ជូនពលករជាមួយកម្ពុជា និងដោយគ្មានការអនុញ្ញាតពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាទង្វើឆបោក និងអាចជាបទល្មើសនៃការជួញដូរមនុស្ស៕