(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុញ្ញាត ឱ្យកម្មករនិយោជិតជាជនមានពិការភាព បានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥នាទី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់កម្មករនិយោជិតទាំងនោះ។

ទន្ទឹមនឹងការផ្តល់ជូននេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ ផ្សេងៗស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ជូនដល់បងប្អូនកម្មករនិយោជិតជាជនមានពិការភាពដែលទទួល បានសិទ្ធិអនុញ្ញាតឱ្យចេញមុនម៉ោងការងារនេះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕