(ភ្នំពេញ)៖ លោកស្រី ថោង សុខខេង និងបក្ខពួកមួយចំនួនទៀត បានរងការចោទប្រកាន់ពីអ្នករកស៊ីជនជាតិជប៉ុន លោក ជូអេ ហ្កូតូ (CHYUEI GOTO) ពីបទឆោក និងរំលោភលើទំនុកចិត្ត ពាក់ព័ន្ធនឹងការទិញលក់ដីទំហំជាង ៣០០ហិកតា ស្ថិតនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្នុងតម្លៃជាង៩៥ម៉ឺនដុល្លារ ពោលបុរសជនជាតិជប៉ុនរូបនេះ បានប្រគល់លុយគ្រប់ចំនួនជូនលោកស្រី ថោង សុខខេង ប៉ុន្តែមិនទទួលបានដី។

ជាមួយគ្នានេះ​បុរសជនជាតិជប៉ុន ក៏បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃ ហើយត្រូវបានមន្រ្តីជំនាញអាវុធហត្ថ ចេញលិខិតកោះ អញ្ជើញឈ្មោះ ថោង សុខខេង និងបក្ខពួកចូលទៅបំភ្លឺនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះផងដែរ។

យោងតាមឯកសារនានាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា កាលពី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២កន្លងទៅ លោក ជូអេ ហកូតូ បានទិញដីស្ថិតនៅភូមិអញ្ញាសេះ និង ភូមិត្រពាំងខ្លុង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ពីលោកស្រី ថោង សុខខេង តាមរយៈការដឹកនាំបញ្ចុះបញ្ចូលដោយលោក ប៉ែន សេរីមុន្នី ជាមន្រ្តីយោធា ព្រមទាំងបុគ្គលមួយចំនួនទៀតចំនួន ៣២៨ហិកតា មានតម្លៃសរុប ៩៥១ ២០០ដុល្លារសហរដ្ឋអាមេរិក ដោយមានការទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ និងស្រុក ព្រមទាំងមានមេធាវី និងសាក្សីដឹងឮ លើលិខិតផ្ទេរសិទ្ធិកាន់កាប់ដី៣ច្បាប់ និងបានប្រគល់ប្រាក់គ្រប់ចំនួនទៅឲ្យលោកស្រី ថោង សុខខេង ទៅតាមដំណាក់កាលនៃកិច្ចសន្យាយ៉ាងពិតប្រាកដ។

លោក ជូអេ ហ្កូតូ បានប្រាប់អ្នកសារព័ត៌មានថា ពីដើមលោកមកលេងប្រទេសកម្ពុជាធម្មតាទេ តែដោយការស្រលាញ់ចូលចិត្តទឹកដីកម្ពុជា លោកក៏សម្រេចចិត្តដាក់ទុនរកស៊ីលើមុខរបរជាច្រើន ក្នុងនោះមានគំរោងកសិឧស្សាហកម្ម នៅខេត្តកំពង់ស្ពឺមួយនេះផងដែរ ប៉ុន្តែត្រូវចាញ់បោកក្រុមលោកស្រី ​ថោង សុខខេងបែបនេះ។

ក្រោយពីលក់ដីឲ្យជនជាតិជប៉ុនរួច, លោកស្រី ថោង សុខខេង និងបក្ខពួករួមមាន លោក ប៉ែន សេរីមុន្នី, លោក ស៊ឺ សុងហ៊ី ជាអ្នកបកប្រែភាសាជប៉ុន និងលោក អ៊ុន សុផល ជាសាក្សី បានបញ្ចុះបញ្ចូលឲ្យលោក ជូអេ ហ្កូតូ ជួលដីឲ្យខ្លួនវិញ ក្នុងគោលបំណងធ្វើចំការដាំដុះអំពៅជាលក្ខណៈឧស្សាហកម្ម រយៈពេល៥ឆ្នាំគិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ជាថ្ងៃបញ្ចប់កិច្ចសន្យាដាំអំពៅ។

លុះចប់កិច្ចសន្យាដាំដុះអំពៅ បែរជាលោកស្រី ថោង សុខខេង មិនព្រមប្រគល់ដីមកឲ្យជនជាតិជប៉ុនវិញទេ។ លោកស្រី បានប្រាប់អ្នករកស៊ីជនជាតិជប៉ុនរូបនេះថា ដីនោះជាដីរបស់ប្រជាជន ដែលមានប័ណ្ណកម្មសិទ្ធិ រួចរាល់អស់ហើយ។ ជនរងគ្រោះឆ្ងល់ថា បើដីនោះជាដីរបស់ប្រជាពលរដ្ឋ ចុះលោកស្រី ថោង សុខខេង បានដីមកពីណាលក់ឲ្យលោក ដែលមានទំហំរហូតដល់ ៣២៨ហិកតា។

បើតាមប្រភពប្រជាពលរដ្ឋមួយចំនួនជាម្ចាស់ដីដើម បានរៀបរាប់ថា កាលពីឆ្នាំ២០១២ លោកបានលក់ដីនោះ ទៅឲ្យលោកស្រី ថោង សុខខេង រួចទៅហើយ ព្រមទាំងបានប្រគល់ឯកសារគ្រប់ចំនួនទៅឲ្យលោកស្រី ថោង សុខខេង រូចទៅហើយដែរ តែទើបនៅឆ្នាំ២០២០ លោក អ៊ុន សុផល បានយកឯកសារលក់ដីលើទីតាំងនោះ មកឲ្យពួកខ្លួនផ្តិតមេដៃជាថ្នូរនឹងប្រាក់ ២០ម៉ឺនរៀលក្នុងមួយគ្រួសារ។ ពួកគាត់មិនបានដឹងថា លោក អ៊ុន សុផល ឲ្យពួកគាត់ផ្តិតមេដៃលក់ដីទៅឲ្យភាគីណាទៀតនោះទេ។

ទាក់ទិននឹងការរៀបរាប់របស់ជនជាតិជប៉ុនរូបនេះ អង្គភាពព័ត៌មាន Fresh News មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកស្រី ថោង សុខខេង និងអ្នកពាក់ព័ន្ធផ្សេងទៀតបាននោះទេនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ៕

លោកស្រី ថោង សុខខេង

លោក ប៉ែន សេរីមុន្នី ជាមន្រ្តីយោធា

លោក ស៊ឺ សុងហ៊ី ជាអ្នកបកប្រែភាសាជប៉ុន

លោក អ៊ុន សុផល ជាសាក្សី