(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងការពារលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) ដែលដឹកនាំដោយលោក គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា មកពីគណៈកម្មការជំនាញទាំងអស់ព្រឹទ្ធសភាផងដែរ។

លោក គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងឱ្យរាជរដ្ឋាភិបាល និងសហការី ចូលរួមពិភាក្សានិងការពារសេចក្តីព្រាងច្បាប់ខាងលើ។

បន្ថែមពីនេះលោកប្រធានក៏បានធ្វើសេចក្តីរាយការណ៍យ៉ាងពិស្តារ លើអត្ថបទនៃសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដោយបញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។

លោករដ្ឋមន្រ្តីបានបំភ្លឺ និងជម្រាបជូនអង្គប្រជុំនូវគោលបំណង ខ្លឹមសារក៏ដូចជា អត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្មអាស៊ាន នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយ នូវសំណួរនានារបស់សមាជិក សមាជិកានៃព្រឹទ្ធសភា ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះផងដែរ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្ត ក្នុងការបន្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបង្កើនការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ តាមរយៈការកាត់បន្ថយការរឹតត្បិត ចំពោះពាណិជ្ជកម្មសេវាកម្ម។

ក្នុងឱកាសនោះ ប្រធានគណៈកម្មការទី៩ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់លោករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ដែលបានអនុវត្តភារកិច្ចជំនាញយ៉ាងសកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយទទួលបានលទ្ធផល គួរជាទីមោទនៈ ជាពិសេសការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាលទ្ធផល អង្គប្រជុំបានសម្តែងនូវការគាំទ្រទាំងស្រុង ទៅលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ និងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យ និងស្នើសុំដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គ ព្រឹទ្ធសភានាពេលខាងមុខ៕