(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងភរិយា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយបានអញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ លោក Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងអង់ការ៉ា។

ក្រសួងការបរទេសកម្ពុជា បានប្រកាសថា វត្តមានរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ លោក Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីនេះ ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងតួកគី៕