(ភ្នំពេញ)៖ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ សម្រេចការសាងសង់បានប្រមាណ៩០%ហើយ មកទល់បច្ចុប្បន្ននេះ ដែលរោងចក្រនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋនៅប៉ែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា តាមគម្រោងរោងចក្រនេះ នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ហើយនៅពេលដែលរោងចក្រនេះបញ្ចប់ការសាងសង់រួចរាល់ នឹងធ្វើឱ្យសមត្ថភាពផ្គត់ផ្គង់ទឹកនៅរាជធានីភ្នំពេញកាន់តែប្រសើរឡើង ពោលនឹងធ្វើឱ្យការផ្គត់ផ្គង់ទឹក ឈានទៅគ្រប់ដណ្តប់ដល់៩០%។

លោកបានគូសបញ្ជាក់បន្ថែមថា «បច្ចុប្បន្ននេះ បាក់ជំហានទី១ បានផ្គត់ផ្គង់ទៅលើបណ្តាញដែលយើងមានស្រាប់ ដោយផ្គត់ផ្គង់បានប្រមាណជាង៨០០ភូមិ ខណៈភូមិទាំងអស់មានជាង១១០០ភូមិដែលត្រូវផ្គត់ផ្គង់។ អ៊ីចឹងការគិតគូររបស់យើងសំដៅយកបាក់ខែងជំហានទី២នេះ ទៅផ្គត់ផ្គង់នៅបណ្តាភូមិប៉ែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ ជាពិសេសនៅម្តុំខាងលិចទំនប់កប់ស្រូវ និងចន្លោះផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ដែលកំពុងខ្វះខាតទឹក»

​នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់ទំនិញបំពង់ដែក និងតំណភ្ជាប់ចំនួន២កញ្ចប់ ក្នុងគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២។ កញ្ចប់ទី១ គឺបំពង់មេនាំទឹកដែលមានប្រវែងប្រមាណជាង២០គីឡូម៉ែត្រ និងមានមុខកាត់ជាង៨០០មីលីម៉ែត្ររហូតទៅដល់១៦០០មីលីម៉ែត្រ ដោយគ្រោងចំណាយថវិកា ប្រមាណជាង៣៥លានអឺរ៉ូ។

ចំណែកកញ្ចប់ទី២ គឺបំពង់មេនាំទឹក ដែលមានមុខកាត់៦០០មីលីម៉ែត្រ ចុះដល់៣០០មីលីម៉ែត្រ ​មានប្រវែងប្រមាណជាង៥០គីឡូម៉ែត្រ ដោយចំណាយថវិកា ជាង១៤លានអឺរ៉ូ។

បំពង់មេនាំទឹកនេះ នឹងត្រូវនាំចូលមកកម្ពុជានៅក្នុងខែតុលា ឆ្នាំ២០២៣។ បំពង់មេនេះមួយផ្នែកនឹងតភ្ជាប់ពីរោងចក្របាក់ខែងជំហានទី១ ដែលបានដាក់ឱ្យដំណើរកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ មករោងចក្របាក់ខែងជំហានទី២។

មួយកញ្ចប់ទៀត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចាប់ផ្តើមជីកដំឡើងចេញពីមហាវិថីអង្គរ ទៅតាមបណ្តោយផ្លូវកប់ស្រូវរហូតទៅដល់ផ្លូវជាតិលេខ៤ ដែលប្រើរយៈពេលជាង១ឆ្នាំ ពោលអាចនឹងរួចរាល់ទាំងស្រុងនៅចុងឆ្នាំ២០២៥ ហើយរដ្ឋាករទឹកនឹងពង្រីកការផ្គត់ផ្គង់ទឹកបណ្តើរៗដល់អតិថិជនដែលកំពុងជួបបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា ការសាងសង់រោងចក្របាក់ខែងជំហានទី២ និងដាក់បំពង់មេ ប្រើថវិកាសរុបប្រមាណជាង៤០០លានដុល្លារ។

បើតាមលោក ឡុង ណារ៉ូ នៅពេលដែលរោងចក្របាក់ខែងជំហានទី២នេះ ​ដាក់ឱ្យដំណើរការនាពេលខាងមុខ នោះរោងចក្របាក់ខែងទាំងពីរ មានសមត្ថភាពផលិតទឹកបានជិត៤០ម៉ឺនម៉ែត្រគូមក្នុងមួយថ្ងៃ​​៕