(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម និងសហការី រួមជាមួយព្រះសង្ឃ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី១៤ ជូនប្រជាពលរដ្ឋទីទ័លក្រ ១គ្រួសារ ឈ្មោះ យ៉េង យាន់ អាយុ៤៨ឆ្នាំ រស់នៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ។

នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានរំលឹកថា ឈ្មោះ យ៉េង យាន់ ជាបុរសពោះម៉ាយ មានកូនស្រី ប្រុស ក្នុងបន្ទុក២នាក់។ កូនស្រីច្បង កំពុងរៀនថ្នាក់ទី៦ ហើយកូនប្រុសទី២ នៅក្នុងបន្ទុក។

លោក ទូច ឆៃ បានបន្តថា ឈ្មោះ យ៉េន យាន់ ពុំមានទ្រព្យសម្បត្តិអ្វីជាដុំកំភួនទេ ហើយមានជំងឺកៀបសរសៃថែមទៀត ត្រូវបង្ខំចិត្តដើរធ្វើសំណង់ផង និងស៊ីឈ្នួល តាមរដូវកាលផងគ្រាន់បានកម្រៃចិញ្ចឹមកូន។ សព្វថ្ងៃរស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្ណសមធម៌ក្រ១ ហើយគ្រួសារនេះ ពុំមានផ្ទះផ្ទាល់ខ្លួនទេ តែបានបងប្អូនអ្នកជិតខាងឱ្យស្នាក់សុំចតក្រោមផ្ទះជាទីជម្រក។ យ៉ាងណាក្តីសាមីខ្លួនមានដីមរតក (ពីមុនជាថ្នាលសំណាប) ជាកម្មសិទ្ធិមួយកន្លែង ទំហំ ៦ម៉ែត្រ គុណ៨ម៉ែត្រ ប៉ុន្តែ ដោយសារជីវភាពក្រខ្សត់ពេក ទើបពុំមានលទ្ធភាពសង់ផ្ទះស្នាក់នៅបាន។

ដោយមើលឃើញពីស្ថានភាពលំបាកនេះ ទើបលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០រៀល ជាថវិកាបដិភាគរបស់សាខា សាលាគណអនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកបាធាយ និងសប្បុរសជនជូនគ្រួសារក្រីក្រនោះសម្រាប់ស្នាក់នៅជាកម្មសិទ្ធិតទៅ។

ជាមួយគ្នានោះដែរ ដើម្បីជួយសម្រាលជីវភាពរស់នៅ សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ៥០គីឡីក្រាម, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៉ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០០,០០០រៀលផងដែរ៕

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន២១នាក់ ក្នុងម្នាក់ៗទទួលបាន  អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៉ីវ និងអាវយឺត ព្រមទាំងថវិកាចំនួន ២០,០០០រៀលផងដែរ៕